(ហ្ស៊េរុយសាឡិម)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បាននិយាយថាបានស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ខណៈខ្លួនកំពុងបន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហេសបូឡា ក្នុងប្រទេសលីបង់ ចំពោះមុខការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសារមួយបង្ហោះលើ Telegram កងកម្លាំងការពារអ៉ីស្រាអែល (IDF)ឱ្យដឹងទៀតថាស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេងនៅតាមតំបន់ជាច្រើននៃភាគកណ្ដាលអ៉ីស្រាអែល ដោយសារតែមីស៊ីលមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។ IDF បានគូសបញ្ជាក់ដូច្នេះថា «មីស៊ីលដែលត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន ត្រូវបានស្ទាក់បំផ្លាញ ដោយជោគជ័យដោយប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow រីឯស៊ីរ៉ែនប្រកាសអាសន្ន និងការផ្ទុះបានបន្លឺសំឡែង ក្រោយការបាញ់ស្ទាក់បំផ្លាញមីស៊ីលនេះ»

គួរបញ្ជាក់ថា មុនការអះអាងរបស់អ៉ីស្រាអែល មេដឹកនាំក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន លោក Abdul Malik al-Huthi បាននិយាយក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពី ថ្ងៃព្រហស្បតិ៍នោះដែរថាក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ នឹងមិនស្ទាក់ស្ទើរឡើយដើម្បីគាំទ្រលីបង់ និងហេសបូឡា ស្របពេលជម្លោះរវាងអ៉ីស្រាអែល និងហេសបូឡាដែលមានអ៉ីរ៉ង់ជា ខ្នងបង្អែកដែរនោះ កាន់តែក្ដៅគគុក៕