(យ៉ាងហ្គន)៖ របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា បានអញ្ជើញចលនាប្រដាប់អាវុធដែលកំពុងប្រឆាំងនឹងការដឹកនាំរបស់ខ្លួន បញ្ឈប់ការវាយប្រយុទ្ធគ្នា និងចាប់ផ្ដើម កិច្ចចរចាដើម្បីស្វែងរកសន្តិភាព ក្រោយប្រយុទ្ធគ្នាជាង៣ឆ្នាំកន្លះមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​។

ការអំពាវនាវដ៏មិននឹកស្មានដល់នេះ កើតមានឡើងចំពេលរបបសឹកមីយ៉ាន់ម៉ាបានបរាជ័យជាបន្តបន្ទាប់ ក្នុងសមរភូមិនៅតាមបណ្ដោយព្រំដែន ក្នុងការប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធ ជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន ហៅកាត់ថា PDF ដែលបានរួមដៃគ្នាប្រឆាំងនឹងការធ្វើរដ្ឋប្រហារដណ្ដើមអំណាចរបស់យោធាក្នុងឆ្នាំ២០២១មក។ មិនត្រឹមតែកំពុងលំបាក នៅសមរភូមិប៉ុណ្ណោះទេ របបសឹកមីយ៉ាន់ម៉ា ក៏កំពុងឈឺក្បាលក្នុងការដោះស្រាយបញ្ហាដែលកើតឡើងក្រោយព្យុះ Yagi វាយប្រហារលើមីយ៉ាន់ម៉ា ដោយបង្កឱ្យមានគ្រោះទឹកជំនន់សម្លាប់ មនុស្សជាង ៤០០នាក់ និងរាប់សែននាក់កំពុងត្រូវការជំនួយ។

របបសឹកមីយ៉ាន់ម៉ា បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «យើងសូមអញ្ជើញក្រុមប្រដាប់អាវុធជាតិភាគតិច ក្រុមភេរវករបះបោរ និងក្រុមភេរវករ PDF ដែលកំពងប្រយុទ្ធ ប្រឆាំងនឹងរដ្ឋអំណាច បោះបង់ចោលការប្រយុទ្ធ និងធ្វើការទំនាក់ទំនងជាមួយពួកយើង ដើម្បីដោះស្រាយបញ្ហានយោបាយជាលក្ខណៈនយោបាយ»។

គួរបញ្ជាក់ថា បើតាមអង្គការ Assistance Association for Political Prisoners មានមូលដ្ឋាននៅមីយ៉ាន់ម៉ា ជនស៊ីវិល ៥៧០០នាក់ត្រូវបានសម្លាប់ និង២០ ០០០នាក់ត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបរបស់កងកម្លាំងរបបសឹកចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ២០២១មក។ ប៉ុន្តែ ជារឿយៗខាងរបបសឹកមីយ៉ានម៉ា តែងតែអះអាងថាចំនួនជនស៊ីវិលស្លាប់គឺមានតួលេខ តិចជាងទិន្នន័យផ្ដល់ដោយអង្គការសង្គមស៊ីវិល៕