(វ៉ាស៉ីនតោន)៖ ទឹកភ្លៀងបានធ្វើឱ្យជន់លិចផ្លូវថ្នល់ និងផ្អាកដំណើរការអាកាសយានដ្ឋានបណ្តោះអាសន្ន នៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ខណៈព្យុះហឺរីខេន Helene ដ៏មានឥទ្ធិពលកំពុងឆ្ពោះទៅកាន់តំបន់ប្រជុំជនធំៗ ហើយមានហានិភ័យជាព្យុះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត សម្រាប់តំបន់ឆ្នេរសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

មន្រ្តីក្នុងរដ្ឋ Florida និយាយថា Helene បានវិវត្តន៍ទៅជាព្យុះប្រភេទទី ៤ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយនិងល្បឿនខ្យល់ជិត ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេព្យាករថានឹងបន្តបង្កើនឥទ្ធិពលថែមទៀត។ ភ្លៀងធ្លាក់ខ្លាំងកើតមាននៅផ្នែកខ្លះនៃឆ្នេរសមុទ្រ Florida នៅរដ្ឋ Georgia, South Carolina ភាគកណ្តាល ភាគខាងលិចនៃរដ្ឋ North Carolina និងផ្នែកខ្លះនៃរដ្ឋ Tennessee។

តាមវីដេអូចែកចាយលើបណ្តាញ​​ផ្សព្វផ្សាយ​សង្គម​ ​ផ្លូវនៅជាប់​មាត់​សមុទ្រពោរពេញដោយទឹកជន់លិច ​រហូតដល់​ចំណត​ទូក។ អាកាសយានដ្ឋានក្នុងទីក្រុង Tampa, Tallahassee និង St. Petersburg នៃរដ្ឋ Florida បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃព្រហស្បតិ៍។ ទីក្រុង Atlanta ដែលនៅចម្ងាយច្រើនគីឡូម៉ែត្រពីភាគខាងជើងតំបន់ Big Bend របស់រដ្ឋ Florida ក៏ស្ថិតក្រោមការព្រមានអំពីព្យុះត្រូពិចផងដែរ ដោយវាអាចទៅដល់នៅវេលាយប់ថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។

ប្រធានមជ្ឈមណ្ឌលតាមដានព្យុះហឺរីខេនប្រចាំរដ្ឋ Florida លោក Michael Brennan បានបញ្ជាក់ថា ការវិវត្តន៍នៃព្យុះ Helene អាចធ្វើឱ្យកម្លាំងខ្យល់កើនឡើងថែមទៀត។ ក្រុមមន្ត្រី ​បានស្នើសុំយ៉ាងទទូចដល់​​អ្នក​រស់ នៅ​តាមតំបន់ដែលអាចរងនូវឥទ្ធិពល​​នៃ​ព្យុះនេះ ​​គោរព​តាមបទបញ្ជាឱ្យ​ជម្លៀសខ្លួន​ជាដាច់ខាត បើពុំដូចច្នេះទេនឹងត្រូវប្រឈម​​ចំពោះលក្ខខណ្ឌ​គំរាមកំហែង​ដល់​អាយុជីវិត៕