(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិកប្រកាសថា រដ្ឋមន្រ្តីការបរទេស លោក Antony Blinken បានប្រាប់សមភាគីអ៉ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ភាពតានតឹងបន្ថែមទៀតក្នុងជម្លោះពាក់ព័ន្ធជាមួយលីបង់ អាចត្រឹមតែធ្វើឱ្យកាន់តែលំបាកសម្រាប់ការដែលជនស៉ីវិល ត្រលប់ទៅផ្ទះនៅព្រំដែនទាំងសងខាងវិញប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

អ៉ីស្រាអែល បានបដិសេធការអំពាវនាវជាអន្តរជាតិ ចំពោះបទឈប់បាញ់ជាមួយក្រុមហេសបូឡា ហើយហាក់បីដូចជាប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងវ៉ាស៉ីនតោន។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ក្នុងពេលពិភាក្សាជាមួយ លោក Ron Dermer រដ្ឋមន្រ្តីក្រសួងកិច្ចការយុទ្ធសាស្រ្តអ៉ីស្រាអែល លោក Blinken បានលើកឡើងពីសារៈសំខាន់នៃការឈានទៅសម្រេចបាន កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២១ថ្ងៃ ទូទាំងព្រំដែនអ៉ីស្រាអែល-លីបង់។ លោក Blinken គូសបញ្ជាក់ថា «ការកើនឡើងបន្ថែមទៀតនៃជម្លោះនឹងធ្វើឱ្យគោលដៅ ចង់ឱ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះ កាន់តែពិបាក»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងការរិះគន់ទូទាំងពិភពលោក និងក្នុងស្រុក ជុំវិញការគាំទ្ររបស់ខ្លួនសម្រាប់អ៉ីស្រាអែល ចំពេលមានការកើនឡើងនៃជម្លោះនៅក្នុងប្រទេសលីបង់ ជាកន្លែងដែលការវាយប្រហាររបស់អ៉ីស្រាអែល បានសម្លាប់មនុស្សរាប់រយនាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕