(តូក្យូ)៖ នៅថ្ងៃសុក្រនេះ អតីតរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shigeru Ishiba គឺជាអ្នកដែលបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មី នៃគណបក្សកាន់អំណាច នៅប្រទេសជប៉ុន ខណៈប្រការនេះ ក៏នឹងធ្វើឱ្យរូបលោក ត្រូវក្លាយជានាយករដ្ឋមន្រ្តីជប៉ុនថ្មី ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ការបោះឆ្នោតរើសមេដឹកនាំថ្មីនៃបក្សប្រជាធិបតេយ្យសេរី ហៅកាត់ LDP ដែលជាគណបក្សកាន់អំណាចជប៉ុន ត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីបច្ចុប្បន្ន គឺលោក Fumio Kishida បានប្រកាសកាលពីខែសីហាកន្លងទៅថា រូបលោកនឹងលាលែងចេញពី​តំណែង ក្រោយរឿងអាស្រូវជាបន្តបន្ទាប់ បានធ្វើឱ្យបក្សធ្លាក់ចុះប្រជាប្រិយភាព ដល់កម្រិតដ៏ទាបបំផុតមួយ។

សម្រាប់លោក Ishiba ដែលមានអាយុ៦៧ឆ្នាំ វាគឺជាការប្រកួតប្រជែងយកតំណែងមេដឹកនាំ ជាលើកទី៥ហើយ។ បេក្ខជនសរុបរហូតដល់ទៅ៩រូប បានចូលរួមប្រកួតប្រជែង ដើម្បីធ្វើជាប្រធានបក្ស LDP ប៉ុន្តែមានតែបេក្ខជន២រូបប៉ុណ្ណោះ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺលោក Ishiba ហើយនិងរដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ចជប៉ុន គឺលោកស្រី Sanae Takaichi អាយុ៦៣ឆ្នាំ។ រីឯក្នុងការបោះឆ្នោតជ្រើសរើសចុងក្រោយ រវាងអ្នកទាំងពីរគឺលោក Ishiba ជាអ្នកឈ្នះ។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតខាងលើ រដ្ឋសភាជប៉ុននឹងត្រូវបោះឆ្នោតជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីជាផ្លូវការ នាថ្ងៃទី១ ខែតុលា ប៉ុន្តែដោយសារបក្ស LDP គ្រប់គ្រងសំឡេងភាគច្រើន នៅក្នុងសភា លោក Ishiba គឺត្រូវបានធានារួចស្រេចហើយថា នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី។ ការបោះឆ្នោតសកលថ្មីមួយ ត្រូវបានរំពឹងថា នឹងរៀបចំឡើងនាខែតុលា ឆ្នាំ២០២៥។ រយៈពេល៧ទសវត្សរ៍ចុងមកនេះ គណបក្ស LDP បានកាន់អំណាចសឹងតែជាប់រហូត គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២៕