(ស៊ូវ៉ា)៖ ប្រធានាធិបតីនៃប្រទេសហ្វីជី លោក Wiliame Katonivere បានអំពាវនាវឱ្យមានការគោរពគ្នា ហើយបញ្ឈប់ការធ្វើតេស្តមីស៉ីល ចូលក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

ហ្វីជី ជាប្រទេសដែនកោះមួយ នៅក្នុងតំបន់ប៉ាស៉ីហ្វិក ហើយការអំពាវនាវរបស់ លោក Katonivere កើតមានឡើង បន្ទាប់ពីចិន ធ្វើតេស្តមីស៉ីលផ្លោងអន្តរទ្វីប ICBM កាលពីថ្ងៃពុធកន្លងទៅ។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Katonivere បានរំលឹកឡើងវិញពីប្រវិត្តិសាស្រ្តនៃមហាសមុទ្រប៉ាស៉ីហ្វិក ថាជាកន្លែងសាកល្បងអាវុធនុយក្លេអ៊ែរ។ លោក Katonivere គូសបញ្ជាក់ថា «មានការបាញ់សាកល្បងជាឯកតោភាគី នូវមីស៉ីលផ្លោងអន្តរទ្វីប ICBM ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ យើងសូមឱ្យមានការគោរពចំពោះតំបន់របស់យើង និងអំពាវនាវឱ្យបញ្ឈប់សកម្មភាពបែបនេះ»

គួរបញ្ជាក់ថា ក្រៅពីហ្វីជី អូស្រ្តាលីក៏បានលើកឡើងអំពីបញ្ហានេះ ក្នុងពេលដែលរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់ខ្លួន ជួបជាមួយសមភាគីចិន នៅក្នុងទីក្រុងប៉េកាំងផងដែរ។

រីឯដែនកោះប៉ាស៉ីហ្វិកមួយទៀតគឺ French Polynesia ដែលជាដែនដីបារាំងនៅឯនាយសមុទ្រ ក៏បានបង្ហាញក្តីបារម្ភផងដែរ ខណៈប្រធានាធិបតី លោក Moetai Brotherson ថាបានផ្ញើលិខិតតវ៉ាទៅកាន់ស្ថានទូតចិន បន្ទាប់ពីមីស៉ីលមួយគ្រាប់នោះ ធ្លាក់ក្បែរទឹកដីនៃប្រទេសរបស់ខ្លួន។ ដោយឡែក ក្រសួងការបរទេសនូវែលសេឡង់ បានចេញសេចក្តីថ្លែងការណ៍ថា ការធ្វើតេស្តមីស៉ីលនោះ ជារឿងគួរឱ្យព្រួយបារម្ភ៕