(ឡាហាវ៉ា)៖ តាមការបង្ហោះសាររបស់ប្រធានាធិបតីគុយបា នៅលើបណ្តាញសង្គម X អំឡុងពេលមកកាន់គុយបា ប្រធានាធិបតីវៀតណាម បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពមិនប្រែប្រួល រវាងប្រទេសទាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។

ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel និងប្រធានាធិបតីវៀតណាម លោក To Lam បានទៅទស្សនា កំពង់ផែពាណិជ្ជកម្ម Mariel ដែលជាតំបន់ពាណិជ្ជកម្មសេរីមួយ ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីរដ្ឋធានីឡាហាវ៉ាន និងជាកន្លែងដែលក្រុមហ៊ុនវៀតណាមជាច្រើន កំពុងដំណើរការនៅទីនោះ។ ថ្លែងទៅកាន់គណៈប្រតិភូពាណិជ្ជករវៀតណាម លោក Lam គូសបញ្ជាក់ថា «វៀតណាមចង់ឱ្យគុយបា បន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងមានសមត្ថភាពគ្រប់គ្រាន់ លើគ្រប់វិស័យ ហើយជម្នះបាននូវរាល់ការលំបាក»។

កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ត្រូវបានចុះហត្ថលេខាអំឡុងទស្សនកិច្ចនេះផងដែរ ជាពិសេសពាក់ព័ន្ធនឹងវិស័យសុខាភិបាល កសិកម្ម។ កម្មវិធីផលិត​ស្រូវ​ដោយ​ប្រើ​គ្រាប់​ពូជកូន​កាត់​ ​នាំ​ចូល​ពី​ប្រទេសក្នុងតំបន​អាស៉ី ​ក៏​ត្រូវ​បាន​ប្រកាស​ផង​ដែរ។

គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីគុយបា-វៀតណាម មានតម្លៃប្រហែល ៣៤០លានដុល្លារ។ តាមមជ្ឈមណ្ឌល សម្រាប់ការស្រាវជ្រាវ គោលនយោបាយអន្តរជាតិរបស់គុយបា (Cuban Center for International Politics Research) វៀតណាមគឺជាអ្នកនាំចេញអង្ករ ធ្យូងថ្ម សារធាតុគីមី ផលិតផលវាយនភណ្ឌ និងអេឡិចត្រូនិក មកកាន់គុយបា ហើយជាអ្នកនាំចូលផលិតផលឱសថពីគុយបាវិញ៕