(ប៉េកាំង)៖ រដូវកាល "Qiufen" តាមច័ន្ទគតិចិនជារៀងរាល់ឆ្នាំ គឺជាទីវាប្រមូលផលសម្រាប់កសិករចិន។ ថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០២៤ នេះគឺជាពិធីបុណ្យប្រមូលផលសម្រាប់កសិករលើកទី ៧។ ក្នុងទីវាដ៏ពិសេសនេះ មេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានអបអរសាទរដល់កសិករ និងបុគ្គលប្រកបមុខរបរការងារកសិកម្ម នៅទូទាំងប្រទេសចិន ។ លោកបានគូសបញ្ជាក់ថា ធ្វើការខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពនៃកសិកម្ម បង្កើនប្រាក់ចំណូលរបស់កសិករ និងបង្កើនកម្លាំងរស់រវើកតាមជនបទ ដើម្បីធ្វើឱ្យកសិករទទួលបានអត្ថប្រយោជន៍ដ៏ប្រាកដប្រជា។

នេះជាលើកទី ៧ ជាប់ៗគ្នាហើយដែលលោក Xi Jinping បានសម្តែងការសួរសុខទុក្ខនិងបង្ហាញពីការរំពឹងទុក ចំពោះកសិករតាំងពីប្រទេសចិន បង្កើតទីវាប្រមូលផលសម្រាប់កសិករកាលពីឆ្នាំ ២០១៨មក។ តាមរយៈប្រសាសន៍របស់លោក យើងអាចយល់ពីការយកចិត្តទុកដាក់ របស់លោក Xi Jinping ចំពោះកសិកម្ម កសិករ និងជនបទ។

ក្នុងនាមជាមេដឹកនាំកំពូលរបស់ប្រទេសចិន លោក Xi Jinping បានចុះត្រួតពិនិត្យការងារនៅវាលស្រែនៅតំបន់ភាគខាងកើត ខាងលិច ភាគខាងត្បូង ខាងជើង និងកណ្តាលរបស់ប្រទេសចិន ជាច្រើនដង ដោយយកចិត្តទុកដាក់ចំពោះរបៀបបង្កបង្កើន ផលនិងផលិតកម្មមានស្ថិរភាពរបស់ស្បៀង របៀបបង្ការនិងសង្គ្រោះគ្រោះមហន្តរាយ របៀបធ្វើទំនើបកម្មកសិកម្ម ប្រសិទ្ធភាពដោះស្រាយ និងគ្រប់គ្រងសំរាម បង្គន់អនាម័យ និងទឹកកខ្វក់ក្នុងជនបទ ការការពារអេកូឡូស៊ីនិងការអភិវឌ្ឍ ឧស្សាហកម្មទេសចរណ៍និងវប្បធម៌ក្នុងជនបទ ការកសាងអរិយធម៌ជនបទ និងប្រាក់ចំណូលរបស់កសិករមានកើនឡើងឬអត់។ល។

លោក Xi Jinping បានថ្លែងថា "ប្រសិនបើប្រជាជនជាង ៤០០ លាននាក់នៅជនបទដើរតាមមិនទាន់ ក្នុងដំណើរការធ្វើទំនើបកម្ម ហើយទីបញ្ចប់មានតែទីក្រុងរីកចម្រើននៅម្ខាង រីឯតំបន់ជនបទ នៅតែអន់ថយនៅម្ខាង នោះវាមិនស្របតាមគោលបំណងនៃការគ្រប់គ្រងរបស់បក្សកម្មុយនីស្តចិនយើងទេ ហើយក៏មិនស្របតាមលក្ខខណ្ឌចាំបាច់ នៃសង្គមនិយមដែរ។ ត្រង់ចំណុចនេះ លោក Xi Jinping បានចាត់ទុកការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងនូវមូលដ្ឋានកសិកម្ម និងស្ដារជនបទឡើងដោយគ្រប់ជ្រុងជ្រោយជាអាទិភាព ក្នុងការអនុវត្តធ្វើអភិបាលកិច្ចក្នុងការជំរុញ ទំនើបកម្មតាមបែបផែនចិន។

ទិន្នន័យបានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៧៥ ឆ្នាំដែលតាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនមក ទិន្នផលសរុបស្បៀងចិន បានកើនឡើងពី ១១៣.២ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ១៩៤៩ ដល់ ៦៩៥.៤ ពាន់លានគីឡូក្រាមក្នុងឆ្នាំ ២០២៣ ដោយបានកើនឡើង ៦ដង។ ជាពិសេស ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ខណៈពេលដែលប្រទេសចិន បានបង្កើនការការពារដីដាំដុះ និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យកសិកម្ម តាមរយៈវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ហើយសមត្ថភាពផលិតចម្រុះខាងស្បៀង ត្រូវបានលើកកម្ពស់ជាលំដាប់។ ក្នុងរយៈពេលប្រាំបួនឆ្នាំជាប់ៗគ្នា ទិន្នផលស្បៀងរបស់ប្រទេសចិន មានភាពលំនឹងក្នុងជាង ៦៥០ ពាន់លានគីឡូក្រាម។

នៅក្នុងរដូវកាល Qiufen វាលស្រែមានពណ៌មាស ពោតមានផ្លែធំៗពេញណែន ផ្លែឈើជះក្លិនប្រហើរ... ភាពរីករាយ ដែលកើតមកពី ការប្រមូលផលត្រូវបានរំលេចចេញនៅលើ មុខរបស់កសិករចិនរាប់រយលាននាក់៕

វិទ្យុមិត្តភាពកម្ពុជាចិន