(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីអំពាវនាវនៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ ស្តីពីអនាគតដោយរំពឹងទុកថា បណ្តាប្រទេសនានានឹងពង្រឹង សាមគ្គីភាពដើម្បីរួមគ្នាឆ្លើយតបនឹងវិបត្តិ និងបញ្ហាប្រឈមដែលកាន់តែមានសភាពធ្ងន់ធ្ងរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុអ្វីបានជាចាត់ទុក "អនាគត" ជាប្រធានបទ? មូលហេតុផ្ទាល់គឺថា ភាពរង្គោះរង្គើនៃពិភពលោក កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ហើយហានិភ័យដែលមនុស្សជាតិបាននិងកំពុងប្រឈមមុខគឺ មិនធ្លាប់មានកាលពីមុន ។ ព្រមពេលជាមួយគ្នានេះ បញ្ហាប្រឈមដូចជាបម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀងអាហារ វិបត្តិជនភៀសខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើម បានកើតមានជាបន្តបន្ទាប់។
អ្វីដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ នៅថ្ងៃទីមួយនៃកិច្ចប្រជុំកំពូលនេះ ភាគីនានាក៏បានអនុម័តលើ «កិច្ចព្រមព្រៀងអំពីអនាគត» ព្រមនិងឯកសារឧបសម័្ពន្ធចំនួនពីរច្បាប់ ពោលគឺ «កិច្ចព្រមព្រៀងឌីជីថលសកល» និង «សេចក្តីប្រកាសអំពីកូនចៅជំនាន់ក្រោយ» តាមរយៈការពិគ្រោះពិភាក្សា ដែលមានខ្លឹមសារពាក់ព័ន្ធដល់វិស័យធំៗចំនួន ៥ ដូចជាការអភិវឌ្ឍជានិរន្តរភាព និងការកៀរគរថវិកាសម្រាប់ការអភិវឌ្ឍ សន្តិភាពនិងសន្តិសុខអន្តរជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការច្នៃប្រឌិតថ្មីនិងកិច្ចសហប្រតិបត្តិការឌីជីថល យុវជននិងកូនចៅជំនាន់ក្រោយ អភិបាលកិច្ចនិងនវានុវត្តន៍សកលជាដើម ។ កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការបេជ្ញាចិត្តនិងឆន្ទៈ របស់ភាគីនានាស្តីពីការធ្វើកំណែទម្រង់ ប្រព័ន្ធអភិបាលកិច្ចអន្តរជាតិ ស្តារពហុភាគីនិយមឡើងវិញនិងឆ្លើយតបនឹង បញ្ហាប្រឈមឱ្យបានកាន់តែល្អដែលត្រូវបានភាគីនានា ចាត់ទុកថាជាឯកសា ដែលមានសារសំខាន់ជានិមិត្តសញ្ញា សម្រាប់គ្រោងផែនការគោលស្ដីពីការអភិវឌ្ឍ របស់ពិភពលោកនាពេលអនាគត។
ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ការគាំទ្រយ៉ាងមុំតមាំ ចំពោះការបើកកិច្ចប្រជុំកំពូលស្តីពីអនាគត។ នៅក្នុងកិច្ចប្រជុំកំពូលនេះ លោក Wang Yi តំណាងពិសេសរបស់ លោកប្រធានរដ្ឋចិន Xi Jinping និងជារដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងនូវគំនិតផ្តួចផ្តើម ៤ ចំណុចជុំវិញការកសាង អនាគតកាន់តែល្អបវរដែលប្រកបដោយសន្តិភាព និងភាពសុខសាន្តត្រាណ វឌ្ឍនភាពនិងវិបុលភាព ក៏ដូចជាសមភាពនិងយុត្តធម៌ ដោយសង្កត់ធ្ងន់ថា ភាគីទាំងនានាគួរតែគាំពារប្រព័ន្ធអន្តរជាតិ ដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល គាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ របស់ប្រទេសកំពុងអភិវឌ្ឍន៍និងជំរុញ ការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាបន្ន។ គំនិតផ្តួចផ្តើមទាំងនេះមិនត្រឹមតែជាការធានាដ៏សំខាន់ សម្រាប់ការសម្រេចបាននូវ «កិច្ចព្រមព្រៀងអំពីអនាគត» ប៉ុណ្ណោះទេ ថែមទាំងក៏ជាចក្ខុវិស័យនិងគោលដៅ ដែលកិច្ចព្រមព្រៀងស្វែងរកផងដែរ ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ពីសំណាក់គ្រប់ភាគីទាំងអស់។
ក្នុងរយៈពេល ១០ឆ្នាំកន្លងទៅនេះ ទស្សនៈស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ដែលបានលើកឡើងដោយប្រទេសចិន បានដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ ដែលត្រូវបានដាក់បញ្ចូលក្នុងឯកសារ របស់អង្គការសហប្រជាជាតិ។ លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា "ប្រទេសចិនបានក្លាយជាសសរទ្រូងដ៏សំខាន់ នៃពហុភាគីនិយម ចំណែកគោលបំណងរបស់យើង ស្តីពីការអនុវត្តពហុភាគីនិយម គឺដើម្បីកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ"។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា ប្រទេសចិនបានសង្កត់ធ្ងន់ក្នុងពេលថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំកំពូលស្តីពីអនាគតថា ប្រឈមមុខនឹងស្ថានការណ៍ពិភពលោក ដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង "ប្រទេសធំៗជាពិសេសគួរធ្វើជាគំរូ" គួរ "ធ្វើជា "ម៉ាស៊ីនជំរុញ" សាមគ្គីភាពសកលនិងជា "យុថ្កា" សម្រាប់គាំពារសន្តិភាពអន្តរជាតិ។ នេះមានសារសំខាន់ជាក់ស្តែងដ៏សំខាន់។
ប៉ុន្តែ តាមពិតទៅ ដើម្បីគាំពារអនុត្តរភាពរបស់ខ្លួន ប្រទេសលោកខាងលិចមួយចំនួនតូចបាននិងកំពុងបង្កការបដិបក្ខជាក្រុម ជំរុញ "ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់" បំពានប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល រហូតដល់ការប៉ុនប៉ងធ្វើវិទ្ធង្សានាសណ្តាប់ធ្នាប់អន្តរជាតិ ក្រោយពីសង្គ្រាមលោកលើកទីពីរដែលខ្លួនចូលរួមបង្កើតនោះ ដែលធ្វើឱ្យភាពចលាចលនៃពិភពលោកកាន់តែខ្លាំងឡើងៗ។ នេះក៏ជាមូលហេតុដ៏សំខាន់ដែលប្រទេសជាច្រើន បានអំពាវនាវឱ្យស្តារពហុភាគីនិយមឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអនាគតផងដែរ។
"សម្រេចបាននូវការអភិវឌ្ឍជានិរន្តរភាព មិនបោះបង់ចោលប្រទេសណាមួយនោះទេ មិថាបច្ចុប្បន្នឬក៏អនាគត ក៏វាគឺជាគោលដៅស្នូល នៃពហុភាគីនិយមជារៀងរហូត !" នេះជាការសន្យាដែលធ្វើឡើងក្នុង«កិច្ចព្រមព្រៀងអំពីអនាគត»ដែលបង្ហាញឱ្យឃើញថា សហគមន៍អន្តរជាតិរំពឹងថា ពិភពលោកនឹងវិវឌ្ឍទៅកាន់ ទិសដៅកាន់តែល្អប្រសើរ ។ ឱ្យតែភាគីនានាប្រកាន់ខ្ជាប់នូវស្មារតីអនុវត្តកិច្ចព្រមព្រៀង យកសាមគ្គីភាពជំនួសភាពបែកបាក់គ្នា យកកិច្ចសហប្រតិបត្តិការជំនួសការបដិបក្ខ ហើយការកសាងពិភពលោកដែលមានភាពកាន់តែល្អប្រសើរ ក៏មិនមែនជាក្តីសុបិននោះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន