(ប៉េកាំង)៖ ថ្ងៃទី២៥ ខែកញ្ញា ពិធិចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលខេត្ត Jiangsu ស្តីពី "គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ" និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយមួយចំនួន របស់ខេត្ត Jiangsu បានប្រារព្ធធ្វើនៅទីក្រុង Nanjing។ លោក Xin Changxingលេខាធិការគណៈកម្មការបក្សប្រចាំខេត្ត Jiangsu និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនខេត្ត Jiangsu លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា។

លោក Xin Changxing បានថ្លែងថា តាំងពីដើមមក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន តែងតែជាបង្អួចដ៏សំខាន់ សម្រាប់បង្ហាញពីម៉ាកយីហោចិន និងជាអ្នកផ្សព្វផ្សាយដ៏សំខាន់ ចំពោះម៉ាកយីហោចិនផងដែរ។ សកម្មភាពចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រស្តីពី "គម្រោងប្រទេសខ្លាំងក្លាខាងម៉ាកយីហោ" លើកនេះ គឺជាសមិទ្ធផលសំខាន់មួយទៀត នៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងខេត្ត Jiangsu និងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលមានសារៈសំខាន់ សម្រាប់ខេត្ត Jiangsu បង្កើនការកសាងម៉ាកយីហោ និងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

លោក Shen Haixiong បានថ្លែងថា សកម្មភាពថ្ងៃនេះ គឺជាវិធានការជាក់ស្តែងមួយរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលធ្វើឡើង ដើម្បីសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅ នូវស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ និងពួតដៃគ្នាជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ខេត្ត Jiangsu ដែលជាសញ្ញាសម្គាល់ថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងខេត្ត Jiangsu បានបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការ៕

វិទ្យុមិត្តភាពកម្ពុជាចិន