(ហ្សាការតា)៖ ការបាក់ដីនៅអណ្តូងរ៉ែមាសខុសច្បាប់មួយ ក្នុងខេត្ត West Sumatra ប្រទេសឥណ្ឌូនេស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបានកប់មនុស្សរាប់សិបនាក់ទៀត ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តការស្វែងរកអ្នកបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់។ អណ្តូងរ៉ែដែលគ្មានអាជ្ញាប័ណ្ណនេះ ជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលទាក់ទាញប្រជាជនក្នុងតំបន់ទៅរុករករ៉ែមាសដែលនៅសេសសល់ ដោយគ្មានឧបករណ៍សុវត្ថិភាពត្រឹមត្រូវ។
ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នកស្លាប់ ១៥នាក់ និងអ្នករងរបួស ៣នាក់ ខណៈដែលកំពុងបន្តស្វែងរកមនុស្ស ២៥នាក់បន្ថែមទៀត។ សកម្មភាពទាំងអស់នៅទីតាំងត្រូវបានផ្អាក ដើម្បីធានាសុវត្ថិភាពក្នុងការស្វែងរក។
អាជ្ញាធរបានបញ្ជាក់ថា ការបាក់ដីបានកើតឡើងនៅអណ្តូងរ៉ែ «ខុសច្បាប់» ដែលគេបោះបង់ចោល ដែលធ្លាប់ប្រើប្រាស់ដោយអ្នករុករករ៉ែពីមុន៕