(ប៉េរូត)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃសុក្រថា អ៊ីស្រាអែលនឹងបន្តកិច្ចពិភាក្សាស្តីពីសំណើបទឈប់បាញ់នៅលីបង់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ការប្រកាសនេះធ្វើឡើងក្នុងបរិបទដែលសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សា និងផលវិបាកដ៏ធ្ងន់ធ្ងរដែលវាអាចបង្កឡើងដល់ជនស៊ីវិលទាំងសងខាង ជាពិសេសក្នុងការធ្វើឱ្យពួកគេជួបការលំបាកក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញ។
កាលពីថ្ងៃព្រហស្បតិ៍ អ៉ីស្រាអែលតាមរយៈរដ្ឋមន្ត្រីការបរទេស បានបដិសេធការអំពាវនាវជាអន្តរជាតិ ចំពោះបទឈប់បាញ់ជាមួយក្រុមហេសបូឡា ហើយហាក់បីដូចជាប្រឆាំងនឹងសម្ព័ន្ធមិត្តដ៏ធំបំផុតរបស់ខ្លួន គឺទីក្រុងវ៉ាស៉ីនតោន។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ក្នុងពេលពិភាក្សាជាមួយ លោក Ron Dermer រដ្ឋមន្រ្តីក្រសួងកិច្ចការយុទ្ធសាស្រ្តអ៉ីស្រាអែល លោក Blinken បានលើកឡើងពីសារៈសំខាន់នៃការឈានទៅសម្រេចបាន កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ២១ថ្ងៃ ទូទាំងព្រំដែនអ៉ីស្រាអែល-លីបង់។ លោក Blinken គូសបញ្ជាក់ថា «ការកើនឡើងបន្ថែមទៀតនៃជម្លោះនឹងធ្វើឱ្យគោលដៅ ចង់ឱ្យពលរដ្ឋវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះ កាន់តែពិបាក»។
គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានបន្តកើតមាន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់រយនាក់ទាំងសងខាង។ អ៊ីស្រាអែលអះអាងថា ខ្លួនកំពុងវាយប្រហារតែទីតាំងយោធារបស់ក្រុមហេសបូឡា ប៉ុន្តែភាគីលីបង់ និងអង្គការសិទ្ធិមនុស្សអន្តរជាតិចោទប្រកាន់ថា ការវាយប្រហារទាំងនោះបានសម្លាប់ជនស៊ីវិលជាច្រើននាក់ផងដែរ៕