(ហ៊្សេរុយសាឡិម)៖ ការវាយប្រហារតាមផ្លូវអាកាសជាច្រើនជុំ នៅតំបន់ភាគខាងត្បូងរដ្ឋធានីបេរូត (Beirut) របស់ប្រទេសលីបង់ ត្រូវបានធ្វើឡើង កាលពីវេលាមុនព្រឹកព្រលឹមថ្ងៃសៅរ៍នេះ ស្របពេលដែលអ៉ីស្រាអែល បន្តបង្កើនការវាយប្រហារប្រឆាំងក្រុមហេសបូឡា (Hezbollah)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
សាក្សីរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានអះអាងថា គិតត្រឹមមុនព្រឹកព្រលឹមថ្ងៃសៅរ៍នេះ មានការវាយប្រហារតាមផ្លូវអាកាស យ៉ាងហោចជាង២០លើក នៅភាគខាងត្បូងទីក្រុងបេរូត ជាហេតុបណ្តាលឱ្យប្រជាជនលីបង់រស់នៅទីនោះ នាំគ្នារត់ចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយទៅប្រមូលផ្តុំនៅតាមទីលាន សួនច្បារ ចិញ្ចើមផ្លូវ និងឆ្នេរសមុទ្រ។
ការទម្លាក់គ្រាប់បែកខាងលើរបស់អ៉ីស្រាអែល បានប្រព្រឹត្តទៅឥតឈប់អស់រយៈពេល ៥ម៉ោងជាប់ ហើយវាបានកើតមានឡើង ក្រោយការវាយប្រហារធំមួយតាមអាកាស កាលពីថ្ងៃសុក្រ ទៅលើទីបញ្ជាការកណ្តាលរបស់ក្រុម Hezbollah ហើយមានគោលដៅលើ មេដឹកនាំកំពូលរបស់ចលនានេះ គឺលោក Hassan Nasrallah។ យោធាអ៉ីស្រាអែល បានអះអាងថា មេបញ្ជាការ និងមេបញ្ជាការរង នៃកងមីស៉ីលរបស់ Hezbollah ត្រូវបានសម្លាប់ ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ។ យ៉ាងណាមិញ មិនមានការបញ្ជាក់ច្បាស់ពី ស្ថានភាពរបស់លោក Nasrallah ឡើយ។
គួរបញ្ជាក់ថា ប្រមាណជា១សប្តាហ៍ចុងក្រោយនេះ បើតាមអាជ្ញាធរសុខាភិបាលលីបង់ មនុស្សលើស៧០០នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។ ការកើនឡើងខ្លាំងនៃភាពតានតឹង បានបង្កើនក្តីបារម្ភថា ជម្លោះដែលមានរយៈពេលជិត១ឆ្នាំ រវាងអ៉ីស្រាអែលនិងហេសបូឡា បូករួមជាមួយសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅហ្កាហ្សា អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំ នៅតំបន់មជ្ឈិមបូព៌ាទាំងមូល ដ្បិតហេសបូឡានិងហាម៉ាស មានអ៉ីរ៉ង់ជាខ្នងបង្អែក ខណៈអ៉ីស្រាអែល មានសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត៕