(តេហេរ៉ង់)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីប្រឹក្សាជាន់ខ្ពស់មួយរូប របស់មេដឹកនាំកំពូលនៃប្រទេសអ៉ីរ៉ង់ បានចេញមុខព្រមានថា អ៉ីស្រាអែលកំពុងតែឈានជើងឆ្លង ខ្សែបន្ទាត់ក្រហមរបស់ទីក្រុងតេហរ៉ង់ ហើយស្ថានការណ៍កំពុងវិវត្តទៅរកសភាពធ្ងន់ធ្ងរជាខ្លាំង បន្ទាប់ពីអ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាស លើទីបញ្ជាការកណ្តាល របស់ក្រុមហេសបូឡា (Hezbollah) នៅភាគខាងត្បូងរដ្ឋធានី Beirut របស់ប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
មន្រ្តីជាន់ខ្ពស់អ៉ីស្រាអែលម្នាក់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មេដឹកនាំកំពូលរបស់ Hezbollah គឺលោក Sayyed Hassan Nasrallah ត្រូវបានកំណត់គោលដៅ ក្នុងការវាយប្រហារលើទីក្រុង Beirut កាលពីថ្ងៃសុក្រ។ ទីប្រឹក្សាមេដឹកនាំកំពូលអ៉ីរ៉ង់ បានលើកឡើងថា ការធ្វើឃាតនឹងមិនអាចដោះស្រាយ បញ្ហារបស់អ៉ីស្រាអែលបានឡើយ ប្រសិនបើមេដឹកនាំចលនាតស៊ូត្រូវបានសម្លាប់ នោះអ្នកផ្សេងទៀតនឹងឡើងជំនួសកន្លែងពួកគេ។
កាលពីដើមខែសីហា មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា ត្រូវបានគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ខណៈអ៉ីរ៉ង់និងហាម៉ាស បានទម្លាក់កំហុសទៅលើអ៉ីស្រាអែល។ ភ្លាមៗ ក្រុមហាម៉ាស ក៏បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួន។
បើតាមប្រភពពីមន្រ្តីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ ទីក្រុងតេហេរ៉ង់ កំពុងផ្ទៀងផ្ទាត់ស្ថានភាពរបស់លោក Nasrallah ក្រោយការវាយប្រហាររបស់អ៉ីស្រាអែល ខណៈប្រភពមួយទៀត ដែលជិតស្និទ្ធនឹង Hezbollah បានអះអាងប្រាប់ Reuters ថា លោក Nasrallah នៅមានជីវិត។ យ៉ាងណាមិញ ក្រុម Hezbollah ផ្ទាល់ មិនទាន់ចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ នៅឡើយទេ។
គួរបញ្ជាក់ថា ប្រមាណជា១សប្តាហ៍ចុងក្រោយនេះ បើតាមអាជ្ញាធរសុខាភិបាលលីបង់ មនុស្សលើស៧០០នាក់ បានបាត់បង់ជីវិត ដោយសារការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។ ការកើនឡើងខ្លាំងនៃភាពតានតឹង បានបង្កើនក្តីបារម្ភថា ជម្លោះដែលមានរយៈពេលជិត១ឆ្នាំ រវាងអ៉ីស្រាអែលនិងហេសបូឡា បូករួមជាមួយសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាស នៅហ្កាហ្សា អាចនឹងផ្ទុះរាលដាលទៅជាសង្រ្គាមទ្រង់ទ្រាយធំ នៅតំបន់មជ្ឈិមបូព៌ាទាំងមូល ដ្បិតហេសបូឡានិងហាម៉ាស មានអ៉ីរ៉ង់ជាខ្នងបង្អែក ខណៈអ៉ីស្រាអែល មានសហរដ្ឋអាមេរិក ជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត៕