(ប៉េកាំង)៖ ពេលថ្មីៗនេះ ស្របពេលដែលនាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ បានដកខ្លួនចេញពីដែនសមុទ្រ ដែលនៅជាប់កោះថ្មប៉ប្រះទឹក Sabina នៃប្រទេសចិន ដោយសារអស់ស្បៀងអស់សម្ភារៈរស់នៅ រឿងគួរឱ្យអស់សំណើច ដែលដឹកនាំដោយហ្វីលីពីនខ្លួនឯង នៅសមុទ្រចិនខាងត្បូងអស់រយៈពេលច្រើនខែនេះ បានឈានចូលដល់ទីបញ្ចប់។ នេះមិនត្រឹមតែ សបញ្ជាក់ថា ការផ្គត់ផ្គង់សម្ភារៈដោយបង្ខំជាច្រើនដង ដែលរៀបចំដោយភាគីហ្វីលីពីន ទទួលបរាជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញទៅកាន់ពិភពលោក នូវការប្ដេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការគាំពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិផងដែរ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈ និងនាវាឆ្មាំសមុទ្រជាច្រើនដង សម្រុកចូលដែនសមុទ្រពាក់ព័ន្ធ នៃសមុទ្រចិនខាងត្បូង ហើយមិនអើពើនឹងការព្រមានយ៉ាងម៉ឺងម៉ាត់ របស់ភាគីចិនម្តងហើយម្តងទៀត បំពានសម្រុកចូលយ៉ាងគ្រោះថ្នាក់បំផុត និងធ្វើប្រតិបត្តិការដឹកជញ្ជូន និងបោះទម្លាក់តាមផ្លូវអាកាស ដែលប៉ុនប៉ងកាន់កាប់ថ្មប៉ប្រះទឹករបស់ប្រទេសចិន ដោយខុសច្បាប់។ លើសពីនេះទៀត ហ្វីលីពីនក៏បានអូសទាញប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើមឱ្យគាំទ្រដល់ខ្លួន ហើយវាយប្រហារនិងលាបពណ៌ មកលើចិនផងដែរ។

ជាការឆ្លើយតប រដ្ឋបាលឆ្មាំសមុទ្រចិនបានលើកឡើងថា ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនានា នៅសមុទ្រចិនខាងត្បូង》 ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ សន្តិភាពនិងស្ថិរភាពក្នុងតំបន់។យើងដាស់តឿនឱ្យភាគីហ្វីលីពីនបញ្ឈប់ទង្វើឃោសនាបំប៉ោងនិងរំលោភសិទ្ធិ គួរដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីគាំពារភាពម៉ឺងម៉ាត់និងសុពលភាពនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនានានៅសមុទ្រចិនខាងត្បូង》។ ប្រទេសចិនមានអធិបតេយ្យភាព ដែលមិនអាចប្រកែកបានលើប្រជុំកោះ NanShaនិងដែនសមុទ្រនៅក្បែរនោះ ដែលបូករួមទាំងកោះថ្មប៉ប្រះទឹក Sabina ផងដែរ។ ឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពគាំពារសិទ្ធិ និងអនុវត្តច្បាប់នៅដែនសមុទ្រ ដែលគ្រប់គ្រងដោយប្រទេសចិនតាមផ្លូវច្បាប់ និងការពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី ក៏ដូចជាសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្រជាតិ។

ដោយបានឃើញថាការរំលោភសិទ្ធិ ដោយខុសច្បាប់របស់ខ្លួនត្រូវបានបរាជ័យ ហ្វីលីពីនក៏បានអូសទាញអាមេរិកឱ្យមកគាំទ្រខ្លួន។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានបារាំង AFP ឱ្យដឹងថា ថ្ងៃទី១៦ ខែកញ្ញា លោក Millerអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា សកម្មភាពរបស់ភាគីចិន“បង្កគ្រោះថ្នាក់ដល់សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីន” ហើយបន្ដទៀតថា អាមេរិកនឹងបន្តគាំទ្រប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។

ការដកខ្លួនចេញពីកោះថ្មប៉ប្រះទឹក Sabina លើកនេះ បានលាតត្រដាងថា ការគាំទ្រដែលអាមេរិកផ្ដល់ឱ្យហ្វីលីពីន គឺមានដែនកំណត់។ ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងៗបានដឹងថា អាមេរិកគ្រាន់តែផ្តល់ការគាំទ្រតាមតែមាត់ ក្នុងវិស័យនយោបាយនិងការទូត ដល់ហ្វីលីពីនតែប៉ុណ្ណោះ ហើយច្រើនបំផុតគឺផ្តល់ព័ត៌មានចារកម្មមួយចំនួន។ តាមពិតទៅ នៅពេលនេះ អាមេរិកបានធ្លាក់ចូលជ្រៅទៅក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន និងការប៉ះទង្កិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចក្នុងស្រុករបស់អាមេរិកកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកត្រូវបង្ខំចិត្ត បញ្ចុះអត្រាការប្រាក់។ អាមេរិកម៉េចនឹងមានកម្លាំងមកប្រយុទ្ធ ជាមួយប្រទេសចិនដើម្បីហ្វីលីពីនទៅ? អាមេរិកគ្រាន់តែចាត់ទុក ហ្វីលីពីនជាកូនអុកដែលប៉ុនប៉ងបង្កភាពចលាចល នៅដែនសមុទ្រចិនខាងត្បូង ដើម្បីដាក់កំហិតនិងទប់ស្កាត់ ប្រទេសចិនតែប៉ុណ្ណោះ។

ការគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូង គឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ប្រទេសហ្វីលីពីន គួរប្រញាប់បោះបង់ចោលគំនិតរវើរវាយ ដែលប៉ុនប៉ងកាន់កាប់កោះ និងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង ដោយខុសច្បាប់បញ្ឈប់ទង្វើរំលោភសិទ្ធនិងបង្កហេតុ បញ្ឈប់ការលាបពណ៌ និងការឃោសនាបំប៉ោងជាបន្ទាន់ បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន