(ប៉េកាំង)៖ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួម សកម្មភាពប្រកាសពី ប្រធានបទប្រតិបត្តិការរបស់ចិន៖ "គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង" នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

លោក Wang Yi បានថ្លែងថា ការធ្វើទំនើបកម្មរបស់ពិភពលោក មិនអាចបោះបង់ចោលប្រទេសណាមួយទេ ការគាំទ្រការអភិវឌ្ឍ និងការស្តារឡើងវិញនៃបណ្តាប្រទេសសកលខាងត្បូង គឺជាទិសដៅជាអាទិភាព នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ប្រទេសចិនកំពុងអនុលោមតាមផែនការគោល នៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងពង្រីកការបើកចំហ ដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីនាំមកនូវឱកាសថ្មី និងកម្លាំងចលករថ្មីសម្រាប់ "សកលខាងត្បូង”និងការធ្វើទំនើបកម្មរបស់ពិភពលោក។

ចិនរីករាយរួមជាមួយភាគីនានា ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការ នៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ ដើម្បីឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មផ្តល់ ផលប្រយោជន៍ដល់ប្រទេសនីមួយៗ និងប្រជាជនគ្រប់រូប៕

វិទ្យុមិត្តភាពកម្ពុជាចិន