(ប៉េកាំង)៖ កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិនត្រូវបានបង្កើតឡើងនៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងប្រទេស។
តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង ពង្រីកទីផ្សារផលិតផល បង្កើតភាពជាដៃគូយូរអង្វែង និងស្វែងរកកាលានុវត្តន៍ភាពថ្មី ក្នុងការពង្រឹងកិច្ចសហ្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅឆ្នាំនេះ ក្រុមហ៊ុនប្រមាណជាង ២,០០០ បានចូលរួមការតាំងពិរព័រណ៍អាស៊ាន-ចិន ក្រោមមូលបទ «ការប្រកាន់ខ្ជាប់នូវមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នសម្រាប់ការអភិវឌ្ឍរួម» និងដាក់បង្ហាញផលិតផល និងរបកគំហើញថ្មីៗលើវិស័យនានារួមមាន៖ សេដ្ឋកិច្ចឌីជីថល យានយន្តប្រើប្រាស់ថាមពលបង្កើតថ្មី និងបច្ចេកវិទ្យាបញ្ចេញកាបូនទាបជាដើម។
លើសពីការដាក់តាំងផលិតផល វេទិកាប្រចាំឆ្នាំមួយនេះក៏បានផ្តល់កាលានុវត្តន៍ថ្មីៗដល់ថ្នាក់ដឹកនាំ និងអ្នកធ្វើគោលនយោបាយ មកពីតំបន់ទាំងពីរ អាចចូលរួមក្នុងកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈគ្នាលើការធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការពហុវិស័យ រួមមាន៖ សេដ្ឋកិច្ច នយោបាយ និងបចេ្ចកវិទ្យា។ ជាក់ស្តែងថ្នាក់ដឹកនាំចិន និងបរទេស មន្ត្រីរដ្ឋាភិបាល សហគ្រិន អ្នកប្រាជ្ញ និងអ្នកតំណាងមកពីអង្គការអន្តរជាតិប្រមាណជាង ១,១០០ នាក់ បានអញ្ជើញចូលរួមពិធីបើកនៃពិព័រណ៍នេះ ហើយការជួបជុំគ្នាលើកនេះ នឹងចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី សម្រាប់កិច្ចសន្ទនា ភាពជាដៃគូ និងកិច្ចសហការគ្នា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ឱ្យទទួលបានលទ្ធផលថ្មីៗថែមទៀត។
ខណៈពិភពលោកកំពុងប្រឈមមុខនឹងកំណើនយឺត ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងគោលនយោយបាយគាំពារនិយម ពិព័រណ៍អាស៊ាន-ចិនបានបន្តដើរតួនាទីជាយន្តការដ៏មានសារៈសំខាន់ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម។ ជាក់ស្តែង ប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុត របស់អាស៊ានរយៈពេល ១៥ ជាប់គ្នា ហើយអាស៊ានក៏បានក្លាយទៅជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ចាប់ពីឆ្នាំ២០២០។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានកើនឡើងដល់ ៦៩៦,៧ ពាន់លានដុល្លារ រីឯការវិនិយោគផ្ទាល់ពីបរទេសចិន ក្នងអាស៊ានបានកើនឡើងដល់ ១៧,៣ ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ តួរលេខនេះបានបញ្ជាក់យ៉ាងច្បាស់អំពី ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងតំបន់ទាំងពីរ។
ការរៀបចំជាទៀងទាត់នូវព្រឹត្តិការណ៍ប្រចាំនេះ ក៏បានអនុញ្ញាតឱ្យអាស៊ាន និងចិនអាចជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួន ឱ្យឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងយុគសម័យថ្មី។ ទំនើបកម្មរបស់ចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសមហាសាលសម្រាប់ពិភពលោក និងតំបន់ ជាពិសេសអាស៊ានដែលអាចនាំចេញទំនិញជាច្រើនប្រភេទ រួមទាំងកសិផលទៅកាន់ទីផ្សារចិន ដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់។ ជាក់ស្តែង កម្ពុជាបាននាំចេញកសិផលមួយចំនួនធំ ទៅកាន់ទីផ្សារចិន រួមមានដូចជាអង្ករ គ្រាប់ស្វាយចន្ទី ផ្លែមៀន ដូង កៅស៊ូ និងចេក។ល។ ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាអាចធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតឱកាសការងារជាច្រើនពាន់កន្លែង ដល់ប្រជាជនខ្លួន។
ទោះបីទិដ្ឋភាពនៃពាណិជ្ជកម្មអន្តរជាតិ នាពេលខាងមុខមានការប្រែប្រួលយ៉ាងណា ពិព័រណ៍អាស៊ាន-ចិននៅតែជាវេទិកាមួយដ៏សំខាន់ បម្រើដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការជឿជាក់គ្នាទៅវិញទៅមក ជាមួយនឹងវត្តមាននៃពិព័រណ៍អាស៊ាន-ចិន ភាគីទាំងពីរនឹងអាចរួមគ្នា កសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ សំដៅនាំមកនូវប្រយោជន៍រួម ដល់ប្រជាជនតំបន់ទាំងពីរ និងបង្កើតនូវវឌ្ឍនភាពសេដ្ឋកិច្ចថ្មីៗ ដល់តំបន់ និងពិភពលោកទាំងមូល៕
ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា