(បរទេស)៖ ក្រុមហ៊ុនធានារ៉ាប់រងកំពូលរបស់ឥណ្ឌា Star Health បានប្តឹង Telegram និងអ្នកលួចចម្លងទិន្នន័យរបស់អតិថិជន បន្ទាប់ពី Reuters បានរាយការណ៍ថា ក្រុម Hacker កំពុងប្រើ chatbots នៅលើកម្មវិធីផ្ញើសារមួយនេះ ដើម្បីលេចធ្លាយទិន្នន័យផ្ទាល់ខ្លួន និងរបាយការណ៍វេជ្ជសាស្រ្ត ពាក់ព័ន្ធសុខាភិបាលរបស់ឥណ្ឌា ដោយបានដាក់លក់នៅលើទីផ្សារងងឹត។
បណ្តឹងនេះ បានកើតមានឡើងចំពេលមានការកើនឡើងនៃការត្រួតពិនិត្យ និងរឹតបន្តឹងទៅលើ Telegram នៅទូទាំងពិភពលោក និងការចាប់ខ្លួនស្ថាបនិក គឺលោក Pavel Durov នៅប្រទេសបារាំងកាលពីខែមុន ក្រោមបទចោទប្រកាន់ពីបទរំលោភបំពានសម្រាប់ សកម្មភាពខុសច្បាប់។ លោក Durov និង Telegram បានបដិសេធថា មិនបានធ្វើខុស ហើយកំពុងដោះស្រាយការរិះគន់នេះ។
យោងតាមពាក្យបណ្ដឹងបានឱ្យដឹងថា ក្រុមហ៊ុន Star Health បានស្នើដល់តុលាការឱ្យធ្វើការបញ្ជាទៅកាន់ Telegram ក្នុងការរារាំង chatbots និងសកម្មភាពរបស់ Hacker ដែលបានចូលទិន្នន័យរបស់អតិថិជនខ្លួន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនធានារ៉ាប់រងកំពូលរបស់ឥណ្ឌាមួយនេះ ក៏បានប្ដឹងក្រុមហ៊ុន Cloudflare ដោយនៅក្នុងពាក្យ បណ្តឹងបានឱ្យដឹងថា ទិន្នន័យដែលបានលេចធ្លាយ នៅលើគេហទំព័រ គឺបានប្រើប្រាស់សេវាកម្ម Cloudflare។
តុលាការ បានចេញសេចក្តីជូនដំណឹងដល់ Telegram និង Cloudflare ឱ្យដឹងពីបញ្ហានេះ ហើយនឹងបើកសវនាការលើកក្រោយនៅថ្ងៃទី ២៥ ខែតុលា។ ជាងនេះទៅទៀត Star Health បានស្នើឱ្យតុលាការបង្គាប់ទៅកាន់ Telegram និង Cloudflare ឱ្យធ្វើការបិទ និងរារាំងរាល់ការចេញផ្សាយព័ត៌មានសម្ងាត់ដែលបានបែកធ្លាយនោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ ទិន្នន័យអតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាពឥណ្ឌាគឺ Star Health ប្រមាណជា ៣១លាននាក់ រួមមាន ឈ្មោះ អាសយដ្ឋាន ព័ត៌មានលម្អិតអំពីពន្ធ ច្បាប់ចម្លងអត្តសញ្ញាណប័ណ្ណ លទ្ធផលតេស្ត និងរោគវិនិច្ឆ័យវេជ្ជសាស្ត្រ ត្រូវបានបែក Hacker លួច និងធ្វើឱ្យបែកធ្លាយនៅលើកម្មវិធី Telegram៕