(ហ៊្សេរុយសាឡិម)៖ ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញានេះ យោធាអ៉ីស្រាអែល បានអះអាងថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន នៅភាគខាងត្បូងនៃរដ្ឋធានីបេរូត បានសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah រួមទាំងមេបញ្ជាការសំខាន់ៗផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាអ៉ីស្រាអែលនិយាយថា លោក Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរូងក្រោមដី ដែលជាទីស្នាក់ការកណ្តាលរបស់ហេសបូឡា ស្ថិតក្រោមអគារលំនៅដ្ឋានមួយក្នុងទីក្រុង Dahiyeh និងជាតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត។ យោធាបញ្ជាក់ថា លោក Nasrallah ត្រូវបានសម្លាប់រួមជាមួយមេដឹកនាំកំពូលម្នាក់ទៀតរបស់ហេសបូឡា គឺលោក Ali Karaki និងមេបញ្ជាការផ្សេងទៀត។ ការវាយប្រហារនេះធ្វើឡើងចំពេលក្រុមបញ្ជាការជាន់ខ្ពស់ កំពុងធ្វើប្រតិបត្តិការចេញពីទីនោះ ដើម្បីជំរុញដល់សកម្មភាពភេរវកម្មប្រឆាំងអ៉ីស្រាអែល។
Reuters មិនអាចទាក់ទងមន្ត្រីរបស់ក្រុមហេសបូឡា ដើម្បីសុំការបញ្ជាក់បានទេ ខណៈដែលភ្លាមៗនេះមិនមានសេចក្តីថ្លែងការណ៍ណាមួយបញ្ជាក់អំពីស្ថានភាពលោក Nasrallah ដែលជាមេដឹកនាំរយៈពេល ៣២ឆ្នាំនៃក្រុមរបស់ខ្លួននោះដែរ។ ប្រសិនបើជាការពិតមែន វានឹងក្លាយជាការប៉ះពាល់ធ្ងន់ធ្ងរដោយមិនត្រឹមតែចំពោះហេសបូឡាប៉ុណ្ណោះទេ តែថែមទាំងចំពោះអ៉ីរ៉ង់ទៀតផង។
គួរបញ្ជាក់ថា លោក Nasrallah គឺជាឥស្សរជនយូរមកហើយនៅក្នុងចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ និងបានជួយក្នុងគម្រោងរក្សាឥទ្ធិពលរបស់អ៉ីរ៉ង់ នៅទូទាំងមជ្ឈឹមបូព៌ា៕