(តេហេរ៉ង់)៖ មន្រ្តីក្នុងតំបន់ពីររូប បានឱ្យដឹងថា មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei បានផ្លាស់ប្តូរទៅកាន់ទីតាំងដ៏មានសុវត្ថិភាពមួយ នៅក្នុងប្រទេស ក្រោមការការពារសន្តិសុខយ៉ាងតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៤។
ប្រភពដដែល បានឱ្យដឹងទៀតថា អ៉ីរ៉ង់កំពុងទាក់ទងឥតឈប់ឈរជាមួយក្រុមហេសបូឡា របស់ប្រទេសលីបង់ និងក្រុមប្រូកស៉ី (proxies) របស់ខ្លួនផ្សេងទៀតក្នុងតំបន់ដើម្បីកំណត់ជំហានបន្ទាប់ ក្រោយអ៉ីស្រាអែលប្រកាសថា ខ្លួនបានសម្លាប់មេដឹកនាំហេសបូឡា លោក Hassan Nasrallah នៅក្នុងការវាយប្រហារមួយ នៅភាគខាងត្បូងទីក្រុង Beirut កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
គួរបញ្ជាក់ថា តាមយោធាអ៉ីស្រាអែល លោក Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើរូងក្រោមដី ដែលជាទីស្នាក់ការកណ្តាលរបស់ហេសបូឡា ស្ថិតក្រោមអគារលំនៅដ្ឋានមួយក្នុងទីក្រុង Dahiyeh និងជាតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត។ ប្រសិនបើជាការពិតមែន វានឹងក្លាយជាការប៉ះពាល់ធ្ងន់ធ្ងរដោយមិនត្រឹមតែចំពោះហេសបូឡាប៉ុណ្ណោះទេ តែថែមទាំងចំពោះអ៉ីរ៉ង់ទៀតផង៕