(បេរូត)៖ ចលនាប្រដាប់អាវុធហេសបូឡានៅលីបង់ ដែលគាំទ្រដោយអ៉ីរ៉ង់ បានចេញមកបញ្ជាក់ហើយថា Hassan Nasrallah មេដឹកនាំនៃក្រុមរបស់ខ្លួនគឺ លោក Hassan Nasrallah ពិតជាបានស្លាប់ បន្ទាប់ពីយោធាអ៉ីស្រាអែលនិយាយថា លោក Nasrallah ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់ខ្លួនលើភាគខាងត្បូងរដ្ឋធានីបេរូត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៤។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហេសបូឡា បញ្ជាក់ថានឹងបន្តការប្រយុទ្ធប្រឆាំងនឹងអ៉ីស្រាអែល នៅក្នុងការគាំទ្រសម្រាប់តំបន់ហ្កាហ្សា និងប៉ាឡេស្ទីន ក៏ដូចជាដើម្បីការពារកត្តិយស និងប្រទេសលីបង់ផងដែរ។ យ៉ាងនេះក្តី ក្រុមហេសបូឡា មិនបានបញ្ជាក់ទេថាលោក Nasrallah ត្រូវបានសម្លាប់ដោយរបៀបណា។
គួរបញ្ជាក់ថា ការស្លាប់របស់ លោក Nasrallah មកទល់នឹងម៉ោងនេះអាចចាត់ទុកថា ជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតចំពោះក្រុមហេសបូឡា ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ។ វាក៏ជាការប៉ះពាល់ខ្លាំងដល់អ៉ីរ៉ង់ផងដែរ ខណៈមេដឹកនាំហេសបូឡារូបនេះ មានតួនាទីសំខាន់ក្នុងការរក្សាឥទ្ធិពលរបស់ទីក្រុងតេហេរ៉ង់ នៅមជ្ឈិមបូព៌ា៕