(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៉ីបានធ្វើការវាយប្រហារពីរលើក មកលើមន្ទីរពេទ្យមួយនៅតំបន់ Sumy ភាគឦសានប្រទេស កាលព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញានេះ បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ហើយកំពុងមានការជម្លៀសចេញពីទីតាំងអគារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា អំឡុងពេលនៃការវាយប្រហារនោះ មានអ្នកជំងឺចំនួន ៨៦នាក់ និងបុគ្គលិកចំនួន ៣៨នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានឱ្យដឹងថា ការវាយប្រហារលើកដំបូង បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតពិដានមន្ទីរពេទ្យ។ ក្រោយមក ខណៈមនុស្សកំពុងត្រូវបានជម្លៀស រុស្ស៉ីបានធ្វើការវាយប្រហារម្តងទៀត បណ្តាលឱ្យមនុស្ស ៥នាក់ស្លាប់។ តាមក្រុមសង្រ្គោះបន្ទាន់ មនុស្សចំនួន ១០នាក់បានរងរបួសក្នុងការវាយប្រហារនេះ។
កងកម្លាំងអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៦៩គ្រឿងក្នុងចំណោម ៧៣គ្រឿង។ រដ្ឋបាលយោធាក្រុងកៀវ ក៏បានឱ្យដឹងផងដែរថា ដ្រូនប្រហែល ១៥គ្រឿងត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងរដ្ឋធានី និងនៅជាយក្រុង។
គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុង Sumy និងតំបន់ Sumy កើតឡើងកាន់តែញឹកញាប់ ចាប់តាំងពីអ៊ុយក្រែនបើកប្រតិបត្តិការចូលតំបន់ Kursk របស់រុស្ស៉ី កាលពីខែសីហា និងដណ្តើមកាន់កាប់ទីតាំងបានជាច្រើន។ ទីក្រុង Sumy ស្ថិតនៅចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រពីព្រំដែន និងកងកម្លាំងជួរមុខរបស់រុស្ស៉ី៕