(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាលោកបានទទួលព័ត៌មានផ្ទាល់ពីលោក ដូណាល់ ត្រាំ ថាអតីតប្រធានាធិបតីអាមេរិករូបនេះ នឹងគាំទ្រអ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី ប្រសិនបើលោកជាប់ឆ្នោតប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។
លោក ហ្សេលេនស្គី ដែលទៅកាន់សហរដ្ឋអាមេរិក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក៏បានយកផែនការជ័យជំនះក្នុងសង្រ្គាមរបស់លោក ទៅបង្ហាញដល់លោក ត្រាំ ផងដែរ អំឡុងកិច្ចប្រជុំបិទទ្វារ កាលពីថ្ងៃសុក្រ។ លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «ខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងបន្ទាប់ពីការបោះឆ្នោត ហើយនរណានឹងក្លាយជាប្រធានាធិបតីអាមេរិកនោះទេ ប៉ុន្តែខ្ញុំបានទទួលព័ត៌មានផ្ទាល់ពីលោក ត្រាំ ថាគាត់នឹងនៅខាងយើង ដោយគាត់នឹងគាំទ្រអ៊ុយក្រែន»។
គួរបញ្ជាក់ថា តាមលោក ហ្សេលេនស្គី បន្ទាប់ពីជួបជាមួយអនុប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ក៏ដូចជាប្រធានាធិបតី លោក ចូ បៃដិន អ៊ុយក្រែនកំពុងស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងការបន្តធ្វើសង្រ្គាមជាមួយរុស្ស៉ី ហើយមិនគាំទ្រភាគីណាមួយនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក ដែលនឹងមកដល់នៅថ្ងៃទី៥ ខែវិច្ឆិកា នោះទេ៕