(ហ៊្សេរុយសាឡិម)៖ យោធាអ៉ីស្រាអែលនិយាយថា សំលេងស៉ីរ៉ែននៃការវាយឆ្មក់តាមអាកាសបានបន្លឺឡើងទូទាំងភាគកណ្តាលប្រទេស កាលពីថ្ងៃសៅរ៍ រួមទាំងនៅក្នុងទីក្រុង Tel Aviv បន្ទាប់ពីមានមីស៉ីលមួយគ្រាប់បាញ់ចេញពីប្រទេសយេម៉ែន និងត្រូវបានស្ទាក់ចាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រោយមក ក្រុម Houthi នៅយេម៉ែន បាននិយាយថា ពួកគេជាអ្នកបាញ់មីស៉ីលផ្លោងមួយគ្រាប់ ទៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv។ ពួកគេនិយាយថា ការវាយប្រហារនោះកំណត់ឡើងឱ្យស្របពេលដែល លោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ត្រលប់មកប្រទេសវិញកាលពីថ្ងៃសៅរ៍ ក្រោយចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ។ នេះជាការវាយកប្រហារដោយមីស៉ីលលើកទីពីរ ក្នុងរយៈពេលតិចជាងពីរថ្ងៃរបស់ក្រុម Houthi មកលើអ៉ីស្រាអែល។
គួរបញ្ជាក់ថា ចលនាប្រដាប់អាវុធនៅយេម៉ែនមួយនេះ កំពុងចូលរួមកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ដែលជាក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនទទួលបានការគាំទ្រពីអ៉ីរ៉ង់ ហើយបាននិងកំពុងធ្វើសកម្មភាពប្រឆាំងអ៉ីស្រាអែល៕