(ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ជំនួយយោធាថ្មីដែលសហរដ្ឋអាមេរិកទើបនឹងប្រកាសផ្តល់ឱ្យអ៊ុយក្រែនមានទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ គឺជាកំហុសដ៏មិនគួរឲ្យជឿ ហើយប្រៀបបីដូចជាការប្រលែងលេងនឹងភ្លើង ជាមួយមហាអំណាចនុយក្លេអ៊ែររុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។
នៅពេលជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៉ីនតោន លោក បៃដិន បានប្រកាសផ្តល់ជំនួយថ្មីដើម្បីជួយទីក្រុងកៀវការពារខ្លួនឯង ដែលរួមមានទាំងអាវុធចម្ងាយឆ្ងាយផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong Un បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក និងលោកខាងលិច មិនគួរច្រានចោល ឬមើលស្រាលចំពោះការព្រមានធ្ងន់ៗរបស់រុស្ស៉ីនោះទេ»។ លោកស្រីលើកជាសំណួរថា «តើសហរដ្ឋអាមេរិក និងលោកខាងលិចពិតជាអាចដោះស្រាយផលវិបាកបានទេ ខណៈដែលពួកគេកំពុងលេងសើចនឹងរុស្ស៉ីដែលជាមហាអំណាចនុយក្លេអ៊ែរ?»។
គួរបញ្ជាក់ថា លោ ពូទីន ប្រធានាធិបតីរុស្ស៉ី បានព្រមានថានឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើរុស្ស៉ីរងការវាយប្រហារដោយមីស៉ីល ហើយនឹងពិចារណាទៅលើការវាយប្រហារណាមួយដែលមានលក្ខណៈបែបជាគាំទ្រដោយមហាអំណាចនុយក្លេអ៊ែរ ប្រឆាំងនឹងប្រទេសរបស់ខ្លួន ថាជាគោលរួមនៃការឆ្លើយ៕