(ប៉េរូត)៖ អ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសលើគោលដៅជាច្រើនក្នុងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ដោយដាក់សម្ពាធបន្ថែមទៀតលើក្រុមហេសបូឡា និងប្រកាសថាបានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំ Hassan Nasrallah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
យោធាអ៊ីស្រាអែលបានប្រកាសថា កងទ័ពអាកាសបានវាយប្រហារគោលដៅរបស់ក្រុមហេសបូឡាជាច្រើនកន្លែងនៅលីបង់ រួមទាំងឃ្លាំងអាវុធ និងហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ អ៊ីស្រាអែលអះអាងថាបានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់ហេសបូឡាម្នាក់ទៀត គឺលោក Nabil Kaouk ផងដែរ។ ទោះជាយ៉ាងណា ក្រុមហេសបូឡាមិនទាន់បញ្ជាក់ពីការស្លាប់នេះទេ ប៉ុន្តែអ្នកគាំទ្របានចាប់ផ្តើមកាន់ទុក្ខតាំងពីថ្ងៃសៅរ៍មកម្ល៉េះ។
ទន្ទឹមនឹងនេះ កងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីតំបន់សមុទ្រក្រហម ខណៈមីស៊ីលចំនួនប្រាំបីគ្រាប់ទៀតដែលបាញ់ចេញពីប្រទេសលីបង់បានធ្លាក់ចំតំបន់ដែលគ្មានមនុស្សរស់នៅ។
ក្រសួងសុខាភិបាលលីបង់បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បានសម្លាប់មនុស្ស ៣៣ នាក់បន្ថែម។ ជារួម ជម្លោះដែលបានអូសបន្លាយជាងពីរសប្តាហ៍នេះ បានឆក់យកជីវិតជនជាតិលីបង់ជាង ១០០០នាក់ និងបណ្តាលឱ្យមានអ្នករងរបួសជាង ៦០០០នាក់។ ទោះជាយ៉ាងណា ក្រសួងមិនបានបញ្ជាក់ចំនួនជនរងគ្រោះជាជនស៊ីវិល ឬយុទ្ធជននោះទេ។
គួរបញ្ជាក់ថា ការស្លាប់របស់មេដឹកនាំហេសបូឡា Nasrallah គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយសម្រាប់ក្រុមនេះ និងអ៊ីរ៉ង់ ខណៈដែលពួកគេបានសន្យាថានឹងបន្តប្រយុទ្ធ។ ទន្ទឹមនឹងនេះ ជម្លោះនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌នៅលីបង់ ដោយមានជនស៊ីវិលជាងមួយលាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន និងមនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួស។ អង្គការសហប្រជាជាតិបានចាប់ផ្តើមប្រតិបត្តិការជំនួយសង្គ្រោះបន្ទាន់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះអាចកាន់តែរីករាលដាល ដោយអាចអូសទាញអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកចូលក្នុងជម្លោះ៕