(បារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ធ្វើដំណើរទៅកាន់ប្រទេសលីបង់នៅថ្ងៃអាទិត្យនេះ ខណៈអ៊ីស្រាអែលបន្តវាយប្រហារគោលដៅជាច្រើនក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងការបរទេសបារាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពិភាក្សាជាមួយអាជ្ញាធរលីបង់ និងផ្តល់ការគាំទ្រ ជាពិសេសជំនួយមនុស្សធម៌។
ក្រសួងការបរទេសបាននិយាយថា «យើងសូមបញ្ជាក់ថារដ្ឋមន្ត្រីនឹងទៅប្រទេសលីបង់នៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងផ្តល់ការគាំទ្រពីបារាំង ជាពិសេសជំនួយមនុស្សធម៌»។
គួរបញ្ជាក់ថា អ៊ីស្រាអែល បានបន្តការវាយប្រហារតាមអាកាសលើគោលដៅជាច្រើនក្នុងប្រទេសលីបង់នៅថ្ងៃអាទិត្យនេះ ដោយដាក់សម្ពាធបន្ថែមទៀតលើក្រុមហេសបូឡា និងប្រកាសថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំ Hassan Nasrallah។
ការស្លាប់របស់មេដឹកនាំហេសបូឡា Nasrallah គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយសម្រាប់ក្រុមនេះ និងអ៊ីរ៉ង់ ខណៈដែលពួកគេបានសន្យាថានឹងបន្តប្រយុទ្ធ។ ទន្ទឹមនឹងនេះ ជម្លោះនេះបានបង្កឲ្យមានវិបត្តិមនុស្សធម៌នៅលីបង់ ដោយមានជនស៊ីវិលជាងមួយលាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួន និងមនុស្សរាប់ពាន់នាក់បានស្លាប់ និងរងរបួស។ អង្គការសហប្រជាជាតិបានចាប់ផ្តើមប្រតិបត្តិការជំនួយសង្គ្រោះបន្ទាន់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះអាចកាន់តែរីករាលដាល ដោយអាចអូសទាញអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកចូលក្នុងជម្លោះ៕