(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំង ចំពោះជម្លោះនៅលីបង់ ជាមួយការអំពាវនាវឱ្យមានការគោរពលើ អធិបតេយ្យ និងបូរណភាពទឹកដីរបស់លីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កំពុងតាមដានជាមួយការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានការណ៍វិវត្តន៍ដែលកំពុងកើតឡើងសាធារណរដ្ឋលីបង់»។ ខណៈក្រសួងសុខាភិបាលលីបង់រាយការណ៍ថាមនុស្សយ៉ាងហោច១០០នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសថ្មីមួយរបស់អ៉ីស្រាអែលលើគោលដៅជាច្រើននៅទូទាំងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ទីក្រុងរីយ៉ាដក៏បានសង្កត់ធ្ងន់ផងដែរពី ភាពចាំបាច់នៃការគោរពបូរណភាពទឹកដីលីបង់។
«ព្រះរាជាណាចក្រអំពាវនាវឱ្យសហគមន៍អន្តរជាតិទទួលខុសត្រូវលើកាតព្វកិច្ចរបស់ខ្លួន ចំពោះការការពារសសន្តិភាព និងសន្តិសុខក្នុងតំបន់ដើម្បីការពារតំបន់ និងប្រជាជនពីគ្រោះថ្នាក់ និងសោកនាកម្មនៃសង្រ្គាម»។ នេះជាការបន្ថែមរបស់ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំជាច្រើនថ្ងៃមកហើយ ដោយកំណត់គោលដៅលើទីតាំងរាប់ពាន់កន្លែងរបស់ក្រុម ហេសបូឡា នៅក្នុងប្រទេសលីបង់ ហើយដោយក្នុងនោះការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្លាប់មេដឹកនាំចលនាប្រដាប់អាវុធមានអ៉ីរ៉ង់ ជាខ្នងបង្អែកមួយនេះ គឺលោក Hassan Nasrallah។ ការសម្លាប់លោក Nasrallah បាននិងកំពុងបង្កការព្រួយបារម្ភថាមជ្ឈិបូព៌ាទាំងមូលអាចនឹងធ្លាក់ចូលក្នុងភ្លើង សង្រ្គាម ប្រសិនបើហេសបូឡា និងអ៉ីរ៉ង់ធ្វើការសងសឹកទ្រង់ទ្រាយធំណាមួយលើអ៉ីស្រាអែល៕