(ម៉ិកស៉ីកូ)៖ អ្នកស្រុកភាគនិរតីនៃប្រទេសម៉ិលស៉ិក បានជម្លៀសខ្លួនចេញពីផ្ទះសម្បែងដែលរងនូវការជន់លិច ដោយសារតែចំហាយនៃព្យុះហឺរីខេន John បោកបក់ឆ្នេរសមុទ្រប៉ាស៉ីហ្វិក អស់រយៈពេលមួយសប្តាហ៍មក ហើយទឹកជំនន់ និងការរអិលបាក់ដីបានសម្លាប់មនុស្សចំនួន ២២នាក់។ នេះបើយោងតាមការចេញផ្សាយដោយការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។
Guerrero ដែលជារដ្ឋដែលរងគ្រោះខ្លាំងជាងគេ និងជារដ្ឋក្រីក្របំផុតមួយរបស់ម៉ិកស៉ីក មានមនុស្ស ១៨នាក់ស្លាប់ ខណៈដែលជាច្រើននាក់ត្រូវរងគ្រោះបំណាក់ដី បំផ្លិចបំផ្លាញផ្ទះសម្បែង។ នៅឯភាគខាងត្បូងវិញ មនុស្ស ៣នាក់បានស្លាប់ក្នុងទីក្រុង Oaxaca ហើយក្មេងប្រុសម្នាក់បានលង់ទឹកទន្លេនៅភាគខាងជើងក្នុងរដ្ឋ Michoacan។ John បានវិវត្តន៍ទៅជាព្យុះហឺរីខេនដ៏មានឥទ្ធិពល ចាប់តាំងពីថ្ងៃចន្ទសប្តាហ៍មុនមក មុនពេលបោកបក់មកដល់រដ្ឋ Guerrero។ ក្រោយមកវាបានថមថយឥទ្ធិពល ពេលទៅដល់តំបន់ឈូងសមុទ្រ ហើយចំហាយនៃព្យុះនេះបានរំកិលទៅឆ្នេរសមុទ្រភាគខាងជើង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២៣ ព្យុះហឺរីខេន Otis ក៏ធ្លាប់បានវាយប្រហារលើទីក្រុងធំ Acapulco នៃរដ្ឋ Guerrero ដែរ នៅក្នុងលក្ខណៈជាព្យុះប្រភេទទី ៥ បណ្តាលឱ្យមនុស្សច្រើនជាង ៥០នាក់ស្លាប់ និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ យ៉ាងណាមិញ នៅឆ្នាំនេះកម្រិតទឹកភ្លៀងនៃព្យុះហឺរីខេន John បានកើនឡើងជិតបីដងប្រៀបធៀបនឹង Otis៕