(ហ៊្សេរុយសាឡិម)៖ អ៉ីស្រាអែល បានទម្លាក់គ្រាប់បែកលើគោលដៅរបស់ក្រុមក្រុមហូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ហើយបន្តការវាយប្រហារតាមផ្លូវអាកាសថែមទៀត ទៅលើប្រទេសលីបង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤នាក់ស្លាប់ និង ២៩នាក់រងរបួស។ អ៉ីស្រាអែល និយាយថា ការវាយប្រហារតាមផ្លូវអាកាសលើកំពង់ផែ Hodeidah របស់យេម៉ែន គឺជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយមីស៉ីលរបស់ហ៊ូទីមកលើអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាវាយប្រហារនេះ កើតឡើងទន្ទឹមគ្នានឹងការបន្តកំណត់គោលដៅ នៅក្នុងលីបង់ថែមទៀត ដោយបើតាមក្រសួងសុខាភិបាលលីបង់ កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់មនុស្សចំនួន ១០៥នាក់បានស្លាប់។
គួរបញ្ជាក់ថា នេះជាការប្រឈមមុខដាក់គ្នាថ្មីទៀត រវាងអ៉ីស្រាអែលជាមួយសម្ព័ន្ធមិត្តអ៉ីរ៉ង់ ក្នុងតំបន់មជ្ឈិមបូព៌ា ពីរថ្ងៃបន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ចំពោះមុខក្តីបារម្ភថា ការប្រយុទ្ធគ្នាអាចហួសពីការគ្រប់គ្រង ហើយទាញឱ្យអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកចូលរួមក្នុងជម្លោះ៕