(ប៉េកាំង)៖ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ការដាក់ពង្រាយ ប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យមរបស់អាមេរិក នៅឯប្រទេសហ្វីលីពីន បំផ្លាញសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សហរដ្ឋអាមេរិក បានដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon នៅហ្វីលីពីន ក្នុងឆ្នាំនេះ ដែលវាអាចបំពាក់មីស៉ីលគ្រូស មានសមត្ថភាពវាយប្រហារលើ គោលដៅក្នុងប្រទេសចិនបាន។ កន្លងមក ចិនបានទាមទារឱ្យដកប្រព័ន្ធមីស៉ីលនោះចេញវិញ ហើយរុស្ស៉ីក៏បានចូលរួមផងដែរ ក្នុងការថ្កោលទោសការដាក់ពង្រាយលើកដំបូងបំផុត នៃប្រព័ន្ធមីស៉ីលនោះ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ដោយចោទថា ទីក្រុងវ៉ាស៉ីនតោនកំពុងដុតបញ្ឆេះការរត់ប្រណាំងសព្វាវុធ។ លោក Wang បានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon មិនស្ថិតក្នុងផលប្រយោជន៍ នៃបណ្តាប្រទេសក្នុងតំបន់ឡើយ។
គួរបញ្ជាក់ថា ហ្វីលីពីន ដែលស្ថិតនៅភាគខាងត្បូងកោះតៃវ៉ាន់ ជាទីដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន គឺជាផ្នែកដ៏សំខាន់មួយ នៃយុទ្ធសាស្រ្តរបស់អាមេរិក នៅតំបន់អាស៉ី ហើយជាកន្លែងដែលមិនអាចខ្វះបាន សម្រាប់ឱ្យយោធាអាមេរិកជួយទីក្រុងតៃប៉ិ ក្នុងករណីដែលចិនវាយប្រហារលើតៃវ៉ាន់៕