(តៃប៉ិ)៖ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុម័តកញ្ចប់ជំនួយផ្នែកការពារជាតិទំហំ ៥៦៧លានដុល្លារបន្ថែមទៀត សម្រាប់តៃវ៉ាន់ ដើម្បីជួយបង្កើនសមត្ថភាពយោធាតៃវ៉ាន់ នៅចំពោះមុខការកើនឡើងភាពតានតឹង ជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
សេតវិមានបានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ប្រកាសពីការអនុម័តកញ្ចប់ជំនួយថ្មីខាងលើ ដោយពុំបានផ្តល់ខ្លឹមសារលម្អិតឡើយ។ ទោះមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកដ៏សំខាន់របស់តៃវ៉ាន់ នៅលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធចម្បង។ ចិនបានទាមទារម្តងហើយម្តងទៀត ឱ្យទីក្រុងវ៉ាស៉ីនតោន បញ្ឈប់ការលក់អាវុធឱ្យកោះតៃវ៉ាន់។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំនេះ សភាអាមេរិក បានអនុម័តឱ្យមានការផ្តល់ជំនួយយោធាសរុបជាទឹកប្រាក់ ខ្ទង់ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ចំពោះមុខការបង្កើនសម្ពាធទាំង ផ្នែកនយោបាយ និងយោធារបស់ចិនលើតៃវ៉ាន់។ ចិនចាត់ទុកតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់ចោលជម្រើស នៃការប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមគ្នាវិញ ជាមួយដែនកោះនេះឡើយ ប្រសិនបើចាំបាច់៕