(តៃប៉ិ)៖ អាជ្ញាធរតៃវ៉ាន់នាថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះ បានចេញសារព្រមាន ឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្ន នៅមុនការមកដល់ នៃព្យុះទីហ្វុងឈ្មោះ Krathon ដែលត្រូវបានរំពឹងថា នឹងកើនឡើងឥទ្ធិពល ហើយបោកបក់ឆ្លងកាត់ បណ្តោយឆ្នេរភាគខាងលិច ដែលជាតំបន់មានមនុស្សរស់នៅច្រើន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តៃវ៉ាន់តែងរងការវាយប្រហារជាប្រចាំពីព្យុះទីហ្វុង ប៉ុន្តែពួកវាភាគច្រើន បោកបក់ចំ តំបន់ដែលមិនសូវមានមនុស្សរស់នៅច្រើន តាមបណ្តោយឆ្នេរភាគខាងកើត ដែលជាប់មហាសមុទ្រប៉ាស៉ីហ្វិក។ យ៉ាងណាមិញ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានឱ្យដឹងថា ព្យុះ Krathon ដែលឥឡូវចាត់ថ្នាក់ត្រឹមជា ព្យុះទីហ្វុងមានកម្លាំងកម្រិតមធ្យម ត្រូវបានព្យាករថា នឹងវាយលុកចំលើទីក្រុង Kaohsiung ដែលជាទីក្រុងកំពង់ផែសំខាន់មួយ នៅថ្ងៃពុធសប្តាហ៍នេះ។
គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ ព្យុះ Krathon ក៏ត្រូវបានរំពឹងដែរថា នឹងបន្តកើនឡើងថាមពលថែមទៀត អាចស្មើនឹងព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បោកបក់ជាង ២២០គីឡូម៉ែត្រ ក្នុង១ម៉ោង នៅក្បែរចំណុចកណ្តាលរបស់វា។ តៃវ៉ាន់បានត្រៀមទូកកៅស៊ូជាង១,០០០គ្រឿង និងកងទ័ព២,២០០នាក់ ឱ្យប្រុងជើងការ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ៕