(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូប បាននិយាយថា គ្រាប់បែកដែលអ៉ីស្រាអែល ប្រើដើម្បីធ្វើឃាតមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah នៅទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្តាហ៍មុននោះ គឺផលិតដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។
នេះជាសេចក្តីថ្លែងការណ៍ដ៏កម្ររបស់សហរដ្ឋអាមេរិក ជុំវិញប្រភេទអាវុធដែលត្រូវបានគេ យកទៅប្រើប្រាស់ក្នុងសមរភូមិ។ អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោក Mark Kelly ប្រធានអនុគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ នៃព្រឹទ្ធសភា និយាយថា អ៉ីស្រាអែលបានប្រើគ្រាប់បែកស៊េរី Mark 84 ទម្ងន់ ៩០០គីឡូក្រាម។ លោកបញ្ជាក់ដូច្នេះថា «គ្រាប់បែកទម្ងន់ ៩០០គីឡូក្រាមនះ ជាស៊េរី Mark 84 ហើយបានសម្លាប់លោក Nasrallah»។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានប្រកាសពីការសម្លាប់មេដឹកនាំហេសបូឡា លោក Nasrallah នៅក្នុងការវាយប្រហារមួយ ទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមនេះ នៅឯភាគខាងត្បូងទីក្រុងបេរូត ប៉ុន្តែបានបដិសេធធ្វើអត្ថាធិប្បាយអំពីអាវុធ ដែលត្រូវបានប្រើប្រាស់សម្រាប់ការវាយប្រហារនោះ។ ភ្លាមៗមន្ទីរបញ្ចកោណ មិនទាន់អាចសុំការអត្ថាធិប្បាយបានទេ៕