(ប៉េកាំង)៖ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលរហូតដល់បច្ចុប្បន្ន មានរយៈពេល ៧៥ ឆ្នាំហើយ ដោយប្រទេសចិនបានប្រែក្លាយខ្លួន ពីប្រទេសស្ថិតក្រោមការត្រួតត្រារបស់បរទេស មកក្លាយជាប្រទេសមហាអំណាចដ៏មានឥទ្ធិពល នៅលើពិភពលោក។
ការរីកចម្រើនរបស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានមើលឃើញថាកើតចេញពីការកែទម្រង់ ពីប្រព័ន្ធសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារសេរី ដោយលោក តេង ស៊ាវភីវ ជាបិតាកែទម្រង់សេដ្ឋកិច្ចរបស់ចិននៅឆ្នាំ១៩៧៨។ លោកតេង ស៊ាវភីង បានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្តចិន គឺការផ្លាស់ប្តូរពីការអនុវត្តសេដ្ឋកិច្ច តាមបែបកុម្មុយនិស្ត ទៅជាសេដ្ឋកិច្ចបើកចំហតាមបែបទីផ្សារសេរីវិញម្តង ដោយលុបបំបាត់ចោលនូវរបបសមូហភាព និង បង្កើតឱ្យមានរបបកម្មសិទ្ធិឯកជនឡើងវិញ យ៉ាងពេញលេញ។
កំណែទម្រង់នេះ ត្រូវបានធ្វើឡើងចេញពីប្រជាកសិករចិន ឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើកសិកម្មជាលក្ខណៈឯកជន ហើយលើសពីនេះទៅទៀត ប្រជាជនចិនម្នាក់ៗ មានសិទ្ធិបោះទុនរកស៊ី បង្កើតជាក្រុមហ៊ុនសហគ្រាសជាលក្ខណៈឯកជន សុទ្ធសាធ ដែលជារឿងមិនធ្លាប់មាន ចាប់តាំងពីបក្សកុម្មុយនិស្តឡើង កាន់អំណាចកាលពីឆ្នាំ១៩៤៩។ វិស័យវិនិយោគនេះ មិនត្រឹមតែបើកចំហសម្រាប់ប្រជាជនចិន ជាលក្ខណៈបុគ្គលបែបនេះទេ តែក៏បានបើកចំហយ៉ាងទូលំទូលាយផងដែរ ទៅដល់វិនិយោគិនបរទេស ហើយដើម្បីទាក់ទាញវិនិយោគបរទេសនេះ តំបន់សេដ្ឋកិច្ចពិសេសជាច្រើន ត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំង បង្កើតឡើងនៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រ។
ក្នុងកំឡុងពេល ៤៦ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការចាប់ផ្តើមកែទម្រង់សេដ្ឋកិច្ច សាធារណរដ្ឋប្រជាមានិតចិនបានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រទេសចិនមិនបានប្រឡូកចូល ក្នុងជម្លោះភូមិសាស្រ្តនយោបាយ និង មិនបានបង្កឱ្យ មានភាពតានតឹងលើសកលលោក ដូចប្រទេសមហាអំណាចផ្សេងៗទេ។ សកម្មភាពនេះ ត្រូវបានគេឱ្យ ឈ្មោះប្រទេសចិនថា ជា «នាគដេក»។ក្រោយពីមានកម្មវិធីកែទម្រង់ៗជាច្រើនលើកច្រើនសារ សេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិន បានងើបឡើងជាបណ្តើរៗ រហូតដល់របបក្រោមការដឹករបស់លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន ក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយ នៅលើសាកលលោក តាមរយៈការដាក់គំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ ការបើកចំហរកម្រិតខ្ពស់ និង ការកែទម្រង់កម្រិតខ្ពស់តាមបែបចិន ដែលបានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន បានក្លាយខ្លួនជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ តែមួយគត់នៅលើសាកលលោក។
តាមរយៈការលើកកម្ពស់វិស័យអប់រំ និង ប្រព័ន្ធអប់រំរបស់សាធារណរដ្ឋចិន បានលើកម្ពស់គុណភាព នៃការបណ្តុះបណ្តាល តាមសាលារៀន និង សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស ជាពិសេសវិស័យបច្ចេកទេស និង បច្ចេកវិទ្យាឌីជីថល ដែលឱ្យសាធារណរដ្ឋប្រជាមានិតចិន បង្កើតបាននូវកម្លាំងផលិតភាពថ្មី (New Productive Force)។ ទស្សនទាននៃទម្រង់ថ្មី នៃកម្លាំងផលិតភាព ត្រូវបានដាក់ក្នុងរបៀបវារៈនយោបាយ និង ការដឹកនាំថ្មីរបស់ចិន ដោយផ្តោតសំខាន់លើការអភិវឌ្ឍ ជាបន្តបន្ទាប់ លើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍នៃវិស័យឧស្សាហកម្ម និង ព័ត៌មានវៃឆ្លាត។ ការបង្កើតចលករថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ត្រូវបានដាក់ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅ កម្រិតខ្ពស់នៅប្រទេសចិន ដែលកើតចេញពីកម្លាំងផលិតភាពថ្មី បានជំរុញឱ្យវិស័យឧស្សាហកម្ម និង បច្ចេកវិទ្យាឌីជីថលនៅប្រទេសចិនកាន់តែរឹងមាំ និង មានសំទុះខ្លាំង។ ជាមួយនឹងការពង្រឹងកម្លាំងផលិតភាពថ្មី ការបើកចំហរស៊ីជម្រៅ កម្រិតខ្ពស់ និង ពង្រឹងនិរន្តរភាពដំណើរការ នៃវិស័យពាណិជ្ជកម្មអន្តរជាតិ និង វិនិយោគបរទេស តាមរយៈការលុបបំបាត់ នូវរបាំងវិនិយោគបរទេសទាំងអស់ចេញ។
ភាពរុងរឿងរបស់ចិននៅពេលនេះ ត្រូវបានពិភពលោកមើលឃើញថា ជាមេរៀន និង ជាគំរូមួយ សម្រាប់លើកកម្ពស់ ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និង កំណើនប្រកបដោយបរិយាបន្ន ជាពិសេស ម៉ូឌែលនៃទម្រង់ថ្មីនៃកម្លាំងផលិតភាព ចលករថ្មីក្នុងផលិតកម្ម។ ការរីកចម្រើនរបស់ចិនចាត់ទុកថាជាស្នាដៃដ៏ធំមហិមា សម្រាប់ពិភពលោកក្នុងការបង្កើត នូវម៉ូឌែលសេដ្ឋកិច្ច និងការអភិវឌ្ឍថ្មី ជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ សម្រាប់ការប្រកួតប្រជែងជាសាកល៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា