(ប៉េកាំង)៖ នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៤ នៅមុនថ្ងៃខួបលើកទី ៧៥ នៃបុណ្យជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន មេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping បានប្រគល់វិញ្ញាបនបត្រសរសើរដល់សមូហភាពគំរូ និងបុគ្គលគំរូដែលបានរួមចំណែកយ៉ាងលេចធ្លោ ក្នុងបុព្វហេតុសាមគ្គីភាពនិងវឌ្ឍនភាពជានជាតិ ព្រមទាំងថ្លែងសុន្ទរកថា។

លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបង្កើតឡើងអស់រយៈពេល ១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិន បានដើរតាមមាគ៌ាប្រកបដោយភាពច្នៃប្រឌិត សម្រាប់ដោះស្រាយបញ្ហាជនជាតិ ដោយមានលក្ខណៈពិសេសរបស់ចិន។ មាគ៌ានេះផ្តោតលើផលប្រយោជន៍ជាមូលដ្ឋាន និងផលប្រយោជន៍រួមរបស់ប្រជាជាតិចិន រួបរួមក្រុមជនជាតិទាំងអស់ ក្នុងកម្រិតអតិបរមា ដើម្បីសម្រេចបាននូវការរួបរួម ការតស៊ូ និងវិបុលភាពរួម, ប្រកាន់ខ្ជាប់នូវសមភាពនៃក្រុមជនជាតិទាំងអស់, ប្រឆាំងការគៀបសង្កត់លើជនជាតិ និងការរើសអើងជនជាតិ និងធានាថា ប្រជាជនគ្រប់ក្រុមជនជាតិភាគតិច ពិតជាទទួលបានសិទ្ធិនយោបាយស្មើគ្នា និងរួមគ្នាធ្វើជាម្ចាស់ផ្ទះរបស់ប្រទេស, ក្តាប់បានយ៉ាងត្រឹមត្រូវនូវទំនាក់ទំនង រវាងការរក្សាឯកភាពជាតិ និងការអនុវត្តស្វ័យភាពជនជាតិភាគតិចក្នុងតំបន់ , ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃឯកភាព និងស្វ័យភាព និងការរួមបញ្ចូលគ្នានៃកត្តាជនជាតិនិងកត្តាតំបន់ ដើម្បីលើកកម្ពស់ប្រជាជាតិចិនឱ្យក្លាយជា សហគមន៍ជោសវាសនារួម ដែលមានអត្តសញ្ញាណខ្ពស់ជាងមុន និងមានភាពស្អិតរមួតខ្លាំងជាងមុន។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ការអនុវត្តបានបង្ហាញថា ផ្លូវនេះគឺត្រឹមត្រូវទាំងស្រុង។

ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមនៃគណបក្សកាន់អំណាច ដែលមានលោក Xi Jinping ជាស្នូល បានដាក់ចេញនូវគំនិតដើមដ៏សំខាន់ ស្តីពីការបង្កើតសហគមន៍ដ៏រឹងមាំសម្រាប់ប្រជាជាតិចិន ដែលបានក្លាយជាគោលការណ៍ណែនាំ សម្រាប់ដោះស្រាយបញ្ហាជនជាតិក្នុងយុគសម័យថ្មី។ ដោយផ្តោតលើគំនិតចម្បងនេះ លោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែលើកកម្ពស់ក្រុមជនជាតិទាំងអស់ឱ្យឱបក្រសោបគ្នា យ៉ាងរឹងមាំដូចគ្រាប់ផ្លែទទឹម និងលើកកម្ពស់ប្រជាជាតិចិនឱ្យឆ្ពោះទៅរក សហគមន៍ជោគវាសនារួមដែលមានភាពបរិយាប័ន្ន និងភាពស្អិតល្មួតកាន់តែខ្លាំងឡើង។

ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ជនជាតិភាគតិចនៅក្នុង "មហាគ្រួសារ" នេះ ប្រទេសចិនបានកំណត់ និងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួនដូចជាជំនួយសមភាគី ការគាំទ្រដល់ការអភិវឌ្ឍរបស់ ក្រុមជនជាតិដែលមានប្រជាជនតិចបង្គួរ និងការការពារ និងការអភិវឌ្ឍភូមិឃុំជនជាតិភាគតិចដែលមានលក្ខណៈពិសេសជាដើម។ ភូមិភាគស្វយ័តទាំងប្រាំរួមមានម៉ុងហ្គោលីខាងក្នុង, ក្វាងស៊ី, Xizang, នីងស៊ា, និងស៊ីនជាំង និងខេត្តពហុជនជាតិចំនួនបី គឺគុយចូវ យូណាន និងឈីងហៃបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចសរុប ដែលលើសពីអត្រាកំណើនមធ្យមជាតិ អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗ របស់អ្នកស្រុកនៃភូមិភាគទាំងនេះ ក៏បានកើនឡើងយ៉ាងខ្លាំងដែរ។

នៅក្នុងសន្និសីទសរសើរលើកនេះ លោក Xi Jinping បានធ្វើការរៀបចំចាត់ចែងជាក់លាក់ សម្រាប់ការលើកកម្ពស់ការធ្វើទំនើបកម្ម តាមបែបផែនចិន និងការសម្រេចបាននូវវិបុលភាពរួមនៅក្នុងតំបន់ជនជាតិ។ លោកបានមានប្រសាសន៍ថា ចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ជនជាតិ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់ផ្សេងៗឱ្យកាន់តែស្អិតរមួតថែមទៀត, ប្រកាន់ខ្ជាប់នូវការធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ និងបំពេញជាបន្តបន្ទាប់នូវបំណងប្រាថ្នា របស់ប្រជាជនគ្រប់ជនជាតិ ចំពោះជីវភាពរស់នៅដ៏ល្អបវរ, ត្រូវជំរុញយ៉ាងសកម្មនូវការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរនិងការរួមបញ្ចូលរវាងប្រជាជន នៃក្រុមជនជាតិទាំងអស់, បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធ នៃតំបន់ព្រំដែននិងតំបន់ជនជាតិ ដូជាការធ្វើចរាចរណ៍ជាដើម, ជំរុញយ៉ាងសកម្មនូវការធ្វើនគរូបនីយកម្មធុនថ្មី ដែលតម្កល់ទុកប្រជាជនជាចម្បង ដើម្បីជំរុញដោយមានសណ្តាប់ធ្នាប់នូវលំហូ និងការរួមរស់នៅជាមួយគ្នានៃប្រជាជនគ្រប់ជនជាតិ។ល៕

វិទ្យុមិត្តភាពកម្ពុជាចិន