(ហ្ស៊េរុយសាឡិម)៖ អ៉ីរ៉ង់ កាលពីយប់ថ្ងៃអង្គារ ទី១ ខែតុលា បានបាញ់ស្រោចមីស៊ីល ចូលទឹកដីអ៉ីស្រាអែល ជាមួយការប្រកាសថាការវាយប្រហារនេះគឺជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ មេដឹកនាំហាម៉ាស មេដឹកនាំហេសបូឡា និងមេបញ្ជាការអ៉ីរ៉ង់ដែលត្រូវបានអ៉ីស្រាអែលសម្លាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមយោធាអ៉ីស្រាអែល អ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់ ចូលក្នុងទឹកដីអ៉ីស្រាអែល ហើយភាគច្រើននៃមីស៊ីលទាំងអស់នេះត្រូវបានស្ទាក់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ខណៈកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ក៏បានជួយបាញ់ស្ទាក់បំផ្លាញមីស៊ីលរាប់សិបគ្រាប់របស់អ៉ីរ៉ង់ផងដែរ។ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ នៅឡើយទេ។
ចំណែក ខាងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ បានអះអាងថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួនបានវាយប្រហារចំគោលដៅ ហើយខ្លួនក៏បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ជាលើក ដំបូងផងដែរនៅក្នុងការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់មេដឹកនាំហាម៉ាសលោក Ismail Haniyeh មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការអ៉ីរ៉ង់ លោក Nilforoshan ដែលសុទ្ធតែត្រូវបានអ៉ីស្រាអែលសម្លាប់។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាអ៉ីរ៉ង់កំពុងប្រព្រឹត្តកំហុសមួយដ៏ធំ ព្រោះថាលោកនឹងសងសឹកចំពោះអ្នកដែលហ៊ានវាយប្រហារលើ អ៉ីស្រាអែល ស្របពេលសហរដ្ឋអាមេរិកប្រកាសគាំទ្រអ៉ីស្រាអែល និងព្រមានអ៉ីរ៉ង់ពីផលវិបាក៕