(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគខាងសន្តិសុខ និងអតីតក្រុមមន្ត្រីចារកម្មអ៉ីស្រាអែល បាននិយាយថាអ៉ីស្រាអែលមានសេរីភាពកាន់តែទូលំទូលាយ ដើម្បីវាយប្រហារសងសឹកទៅនឹង ការវាយប្រហារដោយមីស៊ីលបាលិស្ទីគជាង១៨០គ្រាប់ពីអ៉ីរ៉ង់ កាលពីថ្ងៃអង្គារ ទី១ ខែតុលា ឱ្យបានខ្លាំងក្លាជាងការសងសឹករបស់ខ្លួនទៅនឹងការវាយប្រហារដោយមីស៊ីលរបស់អ៉ីរ៉ង់ លើទឹកដីអ៉ីស្រាអែល កាលពីខែមេសាកន្លងទៅ។ ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល កាលពីខែមេសា ត្រូវបានធ្វើឡើងត្រឹមជានិមិត្តរូប ជាមួយការវាយប្រហារលើប្រព័ន្ធការពារ ដែនអាកាសរបស់អ៉ីរ៉ង់ តែមួយគ្រឿងប៉ុណ្ណោះ។
កាលពីខែមេសា អ៉ីស្រាអែលមានការព្រួយបារម្ភច្រើនថាការសងសឹកខ្លាំងពេក អាចនឹងបង្ខំឱ្យអ៉ីរ៉ង់បញ្ជាឱ្យសម្ព័ន្ធមិត្តចលនាប្រដាប់អាវុធរបស់ខ្លួន តួយ៉ាងដូចជាហេសបូឡា ក្នុងប្រទេស លីបង់ បើកការវាយប្រហារលើអ៉ីស្រាអែល។ ក៏ប៉ុន្តែ នៅបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដែលបានសម្លាប់មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការជាន់ខ្ពស់ ហេសបូឡាជាច្រើនរូប គួបផ្សំនឹងការបំផ្ទុះម៉ាស៊ីនផ្ញើសារ Pager និងវិទ្យុទាក់ទងអាយកូម ព្រមជាមួយបើកប្រតិបត្តិការវាយលុកតាមជើងគោកក្នុងទ្រង់ទ្រាយតូច ចូលទៅកាន់ភាគខាងត្បូងនៃ ប្រទេសលីបង់កាលពីថ្ងៃអង្គារ ទី១ ខែតុលា អ៉ីស្រាអែលបានធ្វើឱ្យសមត្ថភាពរបស់ក្រុមហេសបូឡាចុះខ្សោយ ដែលនេះមានន័យថាក៏បានលុបបំបាត់ចោលមួយផ្នែកធំនៃការព្រួយបារម្ភរបស់ អ៉ីស្រាអែលក្នុងការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងអ៉ីរ៉ង់ផងដែរ។ នេះជាការយល់ឃើញរបស់លោក Danny Citrinowicz ជាអតីតមន្ត្រីចារកម្មអ៉ីស្រាអែលម្នាក់ជំនាញស្ដីពីអ៉ីរ៉ង់។
លោក Citrinowicz យល់ថា «អ៉ីស្រាអែលឥលូវមានសេរីភាពកាន់តែទូលំទូលាយជាងមុន នៅក្នុងការសងសឹកអ៉ីរ៉ង់ ខុសពីកាលពីខែមេសាកន្លងទៅ ដោយសារតែការថយចុះសមត្ថភាពរបស់ ហេសបូឡា»។ បើតាមអ្នកជំនាញរូបនេះដដែល រដ្ឋបាលលោក ចូ បៃដិន ប្រហែលជានឹងជំរុញឱ្យអ៉ីស្រាអែលរឹតត្បិតខ្លះៗលើការវាយប្រហារសងសឹករបស់ខ្លួន។ ប៉ុន្តែ ខណៈការបោះឆ្នោត ប្រធានាធិបតីអាមេរិកជិតចូលមកដល់ ក្រុមមន្ត្រីអាមេរិកទំនងជានឹងមិនមានទឹកមាត់ប្រៃដើម្បីឃាត់អ៉ីស្រាអែល ដូចដែលពួកគេធ្លាប់បានធ្វើកាលពីខែមេសានោះទេ ជាពេលដែលពួកគេបាន ដាក់សម្ពាធឱ្យអ៉ីស្រាអែលកុំវាយប្រហារខ្លាំងជ្រុលពេកលើអ៉ីរ៉ង់ ដែលអាចរាលដាលទៅជាសង្រ្គាមទូទាំងតំបន់ទាំងមូល។ «សកម្មភាពរបស់អ៉ីស្រាអែលអាចនឹងជំរុញ ឬបង្ខំឱ្យអ៉ីរ៉ង់ត្រូវតែធ្វើ ការសងសឹកវិញ...ដែលនឹងនាំទៅរកការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៉ីស្រាអែល និងអ៉ីរ៉ង់»។ នេះជាការគូសបញ្ជាក់របស់លោក Citrinowicz។
យល់ឃើញស្រដៀងគ្នានេះដែរ លោក Yaakov Amidror ជាឧត្តមសេនីយ៍ចូលនិវត្តន៍ម្នាក់ធ្លាប់បម្រើការជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បាននិយាយថាក្រោយការវាយប្រហារដោយមីស៊ីលជាង១៨០គ្រាប់របស់អ៉ីរ៉ង់លើអ៉ីស្រាអែល ក្នុងរយៈពេលជិតកន្លះម៉ោងកាលពីថ្ងៃអង្គារ អ្វីដែលអ៉ីស្រាអែលកំពុងប្រឈម នោះមិនមែនថាតើត្រូវសងសឹកអ៉ីរ៉ង់វិញ ឬក៏អត់នោះទេ? តែគឺត្រូវសងសឹកឱ្យបានខ្លាំងក្លាប៉ុនណា? ពោលគឺរឿងដែលអ៉ីស្រាអែលត្រូវធ្វើ នោះគឺត្រូវគិតថាតើខ្លួនអាចបង្កការខូចខាតទំហំធំ ប៉ុនណា ធៀបទៅនឹងសមត្ថភាពរបស់អ៉ីរ៉ង់បង្កការខូចខាតដល់អ៉ីស្រាអែល? លោក Amidror បន្ថែមទៀតថាលោកផ្ទាល់ជឿជាក់ថាការបំផ្លិចបំផ្លាញដែលអ៉ីស្រាអែលបានធ្វើដាក់ហេសបូឡា បានកាត់បន្ថយការគំរាមកំហែងបង្កឡើងដោយក្រុម Proxy របស់អ៉ីរ៉ង់។ ដូច្នេះការសងសឹករបស់អ៉ីស្រាអែលតាមរយៈការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ដែលជាប្រភពក្ដីកង្វល់ របស់អ៉ីស្រាអែលជាយូរណាស់មកហើយអំពីមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ ក៏អាចនឹងស្ថិតនៅក្នុងជម្រើសដែលលោក Netanyahu ត្រូវពិចារណាផងដែរ។
ក្រោយការវាយប្រហាររបស់អ៉ីរ៉ង់លើអ៉ីស្រាអែលកាលពីថ្ងៃអង្គារ អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftalie Bennett បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមដោយ និយាយថាអ៉ីស្រាអែលកំពុងប្រឈមមុខនឹងឱកាសដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំមកនេះ ដើម្បីផ្លាស់ប្ដូរមុខមាត់របស់តំបន់មជ្ឈិមបូព៌ា។ «យើងត្រូវតែធ្វើសកម្មភាព ក្នុងពេល ឥលូវនេះ ដើម្បីកម្ទេចទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់ពួកគេ ហើយវាយប្រហារឱ្យបានធ្ងន់ធ្ងរលើរបបភេរវនិយមមួយនេះ»។ នេះជាការបញ្ជាក់របស់លោក Bennett ដោយបន្ថែមថា ស្របពេលដែល «ដៃរបស់មឹក (អ៉ីរ៉ង់) កំពុងរងរបួសធ្ងន់ ឥលូវដល់ពេលវាយកម្ទេចក្បាលមឹកវិញម្ដង»។
គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានអះអាងថាអ៉ីរ៉ង់បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់ ចូលក្នុងទឹកដីអ៉ីស្រាអែល កាលពីយប់ថ្ងៃអង្គារ ទី១ ខែតុលា ហើយ ភាគច្រើននៃមីស៊ីលទាំងអស់នេះត្រូវបានស្ទាក់បំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ខណៈកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ក៏បានជួយបាញ់ស្ទាក់បំផ្លាញមីស៊ីលរាប់សិបគ្រាប់របស់អ៉ីរ៉ង់ផងដែរ។
ប៉ុន្តែ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់វិញ បានអះអាងថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួនបានវាយប្រហារចំគោលដៅ ហើយខ្លួនក៏បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ជាលើក ដំបូងផងដែរនៅក្នុងការវាយប្រហារលើអ៉ីស្រាអែល ដើម្បីជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់មេដឹកនាំហាម៉ាសលោក Ismail Haniyeh មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការអ៉ីរ៉ង់ លោក Nilforoshan ដែលសុទ្ធតែត្រូវបានអ៉ីស្រាអែលសម្លាប់។ អ៉ីរ៉ង់ថែមទាំងបានគំរាមទៀតផងថានឹង វាយប្រហារទ្រង់ទ្រាយធំជាងនេះ ប្រសិនបើអ៉ីស្រាអែលហ៊ានវាយប្រហារសងសឹកលើអ៉ីរ៉ង់៕