(បាងកក)៖ ប៉ូលិសថៃ បានឃាត់ខ្លួនអ្នកបើកបររថយន្ដក្រុងមួយគ្រឿងដឹកសិស្សសាលា និងគ្រូបង្រៀនដែលបានឆាបឆេះសម្លាប់មនុស្ស ២៣នាក់ នៅឯជាយទីក្រុងបាងកក ខណៈក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានធ្វើដំណើរទៅដល់រដ្ឋធានី នៅថ្ងៃពុធ ទី២ ខែតុលានេះ ដើម្បីជួយបញ្ជាក់អត្តសញ្ញាណមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រថយន្ដក្រុងខាងលើបានដឹកគ្រូបង្រៀន៦នាក់ និងសិស្ស៣៩នាក់ ដោយធ្វើដំណើរចាកចេញពីខេត្ត Uthai Thani ស្ថិតនៅចម្ងាយ៣០០គីឡូម៉ែត្រពីរដ្ឋធានីបាងកក សម្រាប់ការ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្ត Ayutthaya និងខេត្ត Nonthaburi កាលពីថ្ងៃអង្គារម្សិលមិញ។ ប៉ុន្តែ រថយន្ដក្រុងនេះស្រាប់តែឆាបឆេះនៅលើផ្លូវ highway ស្ថិតនៅភាគខាងជើង រដ្ឋធានីបាងកក ហើយបានឆេះរាលដាលភ្លាមៗដោយធ្វើឱ្យអ្នកដំណើរជាច្រើននាក់មិនអាចរត់ចុះពីឡានបានទាន់ពេល។ បើតាមប៉ូលិសថៃ សាកសពមនុស្ស ២៣នាក់ត្រូវបាន យកចេញពីរថយន្ដក្រុង ហើយការបញ្ជាក់អត្តសញ្ញាណកំពុងដំណើរការ។ ព្រមពេលជាមួយគ្នា អ្នកបើកបររថយន្ដក្រុងឈ្មោះ Saman Chanput បានយល់ព្រមប្រគល់ខ្លួនឱ្យ ប៉ូលិស ជាច្រើនម៉ោងក្រោយភ្លើងឆេះរថយន្តក្រុងនេះ។
ប៉ូលិសបានចោទប្រកាន់អ្នកបើកបររូបនេះថាបានធ្វេសប្រហែសក្នុងការបើកបរដែលបង្កឱ្យមានអ្នកស្លាប់ និងរងរបួស ហើយមិនបានជួយអ្នកដទៃ និងមិនបានរាយការណ៍ប្រាប់ សមត្ថកិច្ចពីឧបទ្ទវហេតុដែលបានកើតឡើង។
គួរបញ្ជាក់ថា អ្នកបើកបររថយន្ដក្រុងខាងលើ បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាលោកបានបើករថយន្ដក្រុងជាធម្មតា រហូតដល់រថយន្ដក្រុងនេះបាត់បង់លំនឹងនៅត្រង់កង់ខាងមុខ ផ្នែកខាងឆ្វេង ជ្រុលទៅបុករថយន្ដមួយគ្រឿង និងកកិតជាមួយរនាំងបេតុងខណ្ឌចែកផ្លូវបណ្ដាលចេញផ្កាភ្លើងធ្វើឱ្យឆាបឆេះតែម្ដង។ អ្នកបើកបររូបនេះបន្ថែមថាដំបូងឡើយរូបគេ បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យពីរថយន្ដក្រុងមួយគ្រឿងផ្សេងទៀត ដែលកំពុងធ្វើដំណើរទស្សនកិច្ចសិក្សាតាមផ្លូវជាមួយគ្នា។ ប៉ុន្តែមិនអាចពន្លត់ភ្លើងបាន ហើយក៏រត់គេចចេញពី កន្លែងកើតហេតុ ដោយសារតែភិតភ័យខ្លាំងពេក៕