(ហ្សេរុយសាឡឹម)៖ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក Israel Katz បានប្រកាសនៅថ្ងៃពុធនេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
ការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីលោក Guterres មិនបានថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះការវាយប្រហារដោយមីស៊ីល របស់អ៊ីរ៉ង់លើអ៊ីស្រាអែលកាលពីថ្ងៃអង្គារ។
អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោង ២០០គ្រាប់ ទៅកាន់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធនៅលីបង់ ដែលគាំទ្រដោយខ្លួន។ មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ ប៉ុន្តែមួយចំនួនបានធ្លាយផុតការការពារ និងបានធ្លាក់ចូលទឹកដីអ៊ីស្រាអែល។
លោក Guterres បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគ្រាន់តែថ្កោលទោស «ការវាយប្រហារចុងក្រោយបំផុតនៅមជ្ឈិមបូព៌ា» ដោយមិនបានបញ្ជាក់ច្បាស់ថា អ៊ីរ៉ង់ជាអ្នកទទួលខុសត្រូវនោះទេ។ លោក Katz បានរិះគន់លោក Guterres ចំពោះការមិនហ៊ានថ្កោលទោសអ៊ីរ៉ង់ ហើយបាននិយាយថា អ៊ីស្រាអែលនឹងបន្តការពារខ្លួន ដោយមិនគិតពីជំហររបស់អង្គការសហប្រជាជាតិឡើយ។
«អ្នកណាក៏ដោយដែលមិនអាចថ្កោលទោសយ៉ាងច្បាស់លាស់ ចំពោះការវាយប្រហារដ៏ឃោរឃៅរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដូចដែលប្រទេសស្ទើរតែទាំងអស់នៃពិភពលោកបានធ្វើនោះមិនសមនឹងដាក់ជើងនៅលើទឹកដីអ៊ីស្រាអែលទេ» លោក Katz បានបញ្ជាក់៕