(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អូស្ត្រាលី កំពុងជួយរៀបចំជាមួយក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ដើម្បីឱ្យពលរដ្ឋរបស់ខ្លួនអាចចាកចេញពីលីបង់ ហើយជំរុញឱ្យពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ផ្សេងទៀត ចាកចេញពីប្រទេសនេះ បើទោះបីជានៅតែអាចបន្តធ្វើការបានធម្មតាក្តី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែតុលា ឆ្នាំ ២០២៤។
ពលរដ្ឋអូស្ត្រាលីប្រហែល ១,៧០០នាក់ និងក្រុមគ្រួសាររបស់ពួកគេ បានស្នើសុំចាកចេញពីលីបង់ មកកាន់រដ្ឋាភិបាល។ លោកស្រី Wong បានប្រាប់សន្និសីទសារព័ត៌មានថា អូស្ត្រាលី ទទួលបានកៅអីចំនួន ៥៨០នៅលើជើងហោះហើរ ដែលចេញដំណើរថ្ងៃនេះ និងនៅថ្ងៃសៅរ៍ សម្រាប់ពលរដ្ឋ អ្នករស់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសារពួកគេ ខណៈជើងហោះហើរបែបនេះ ត្រូវបានរៀបចំតាំងពីដើមសប្តាហ៍មក។
លោកស្រី Wong បញ្ជាក់ថា «សូមពលរដ្ឋទទួលយកជម្រើសណាដែលនៅមាន។ វាមិនមែនជាពេលត្រូវរង់ចាំមើលទេ តែជាពេលដែលត្រូវចាកចេញ»។ ដោយជើងហោះហើរចំនួនពីរ ដែលគ្រោងចេញដំណើរទៅកាន់ប្រទេសស៉ីប នៅថ្ងៃសៅរ៍ គឺអាស្រ័យលើអាកាសយានដ្ឋាន Beirut នៅបើកដំណើការឬអត់នោះ លោកស្រី Wong បន្ថែមថា «យើងបារម្ភពីស្ថានភាពកាន់តែតានតឹង ហើយប្រសិនបើព្រលានយន្តហោះ Beirut ពិតជាត្រូវបិទ នោះជម្រើសចាកចេញពីលីបង់ នឹងកាន់តែតិចទៅៗ»។
គួរបញ្ជាក់ថា តាមក្រសួងការបរទេស អូស្ត្រាលីជាជម្រកសម្រាប់ជនភៀសខ្លួនលីបង់យ៉ាងច្រើន ហើយពលរដ្ឋអូស្រ្តាលីទូទៅ ចំនួន ១៥,០០០នាក់ កំពុងរស់នៅក្នុងប្រទេសលីបង់៕