(សិង្ហបុរី)៖ តុលាការសិង្ហបុរី នៅព្រហស្បតិ៍ ទី៣ ខែតុលានេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក S. Iswaran ឱ្យជាប់ពន្ធនាគាររយៈពេល ១២ខែ ពីបទរារាំងយុត្តិធម៌ និងការទទួលសំណូកជាអំណោយថវិកាជាង ៣០០,០០០ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។
លោក S. Iswaran ដែលជាមាជិកគណៈនៃគណៈរដ្ឋមន្ត្រីអស់រយៈពេល ១៣ឆ្នាំ កាន់តួនាទីផ្នែកពាណិជ្ជកម្ម ទំនាក់ទំនង និងដឹកជញ្ជូន បានសារភាពកំហុស កាលពីសប្តាហ៍មុន នៅចំពោះមុខការចោទប្រកាន់ចំនួន ៤ ជុំវិញការទទួលយកអំណោយដោយមិនប្រក្រតី និងមួយផ្នែកទៀតគឺការរារាំងយុត្តិធម៌។
ការកាត់ទោសនេះមានលក្ខណៈធ្ងន់ធ្ងរ ជាងរយៈពេលពី ៦ទៅ ៧ខែ ដែលត្រូវបានស្នើឡើងព្រះរាជអាជ្ញា ហើយបើតាមប្រធានចៅក្រម លោក Vincent Hoong គឺដោយសារតែទំហំនៃការល្មើសរបស់ លោក Iswaran និងឥទ្ធិពលទៅលើការជឿទុកចិត្តរបស់សាធារណៈជន។
ករណីនេះ បានធ្វើឱ្យកក្រើកសិង្ហបុរី ជាប្រទេសដែលគេស្គាល់ថា មានប្រាក់ខែសមរម្យ តម្លាភាព និងអភិបាលកិច្ចស្អាតស្អំ។ តាមអង្គការតម្លាភាពអន្តរជាតិ សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសដែលមានអំពើពុករលួយតិចបំផុុត ទាំង ៥របស់ពិភពលោក កាលពីឆ្នាំមុន។
គួរបញ្ជាក់ថា ករណីពុករលួយចុងក្រោយគេបង្អស់ ដែលត្រូវបានរកឃើញពាក់ព័ន្ធនឹងរដ្ឋមន្ត្រីសិង្ហបុរី គឺនៅឆ្នាំ ១៩៨៦ ដោយកាលណោះ រដ្ឋមន្ត្រីអភិវឌ្ឍបានរងនូវការស៉ើបអង្កេតពីបទស៉ីសំណូក ប៉ុន្តែបានស្លាប់មុនពេល សំណុំរឿងបញ្ជូនដល់ដៃតុលាការ៕