(ញូវយ៉ក)៖ រយៈពេលមួយឆ្នាំនៃសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស អង្គការ UNICEF ដែលជាភ្នាក់ងារផ្តល់មូលនិធិសង្គ្រោះកុមារអន្តរជាតិ របស់អង្គការសហប្រជាជាតិ បានព្រមានថា កុមារនៅក្នុងតំបន់ហ្កាហ្សា អាចប្រឈមមុខនឹងបញ្ហាតជំនាន់ ដោយសារតែកត្តាជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ ២០២៤។
ដោយកត់សម្គាល់លើចំនួនអ្នកស្លាប់ក្នុងក្រុមគ្រួសារ ការផ្លាស់ទីលំនៅ កង្វះខាតស្បៀងអាហារ និងទឹកស្អាត លោកស្រី Catherine Russell នាយកប្រតិបត្តិ UNICEF គូសបញ្ជាក់ថា «បើយើងមើលតំបន់ហ្កាហ្សា ដោយសំលឹងទៅ កែវភ្នែករបស់កុមារ គឺវាគួរឱ្យស្លុតចិត្ត»។ លោកស្រី Russell បន្ថែមថា «ពួកគេតក់ស្លុតខ្លាំងណាស់ ចំពោះអ្វីដែលកំពុងកើតឡើង។ ទោះជាយើងអាចជួយផ្គត់ផ្គង់ នៅទីនោះបានក្តី ប៉ុន្តែស្លាកស្នាមនឹងផ្តល់ទុក្ខទោសឱ្យកុមារ ពេញមួយជីវិតរបស់ពួកគេ និងអាចជាបញ្ហាប្រឈមក្នុងការរស់នៅ ស្ទើរតែពាក់កណ្តាលជីវិតទៅមុខទៀត»។
ជុំវិញការវាយប្រហារថ្មីៗ នៅលីបង់ រវាងកងកម្លាំងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ លោកស្រីប្រធាន UNICEF រូបនេះនិយាយថា វាជារឿងគួរឱ្យភ្ញាក់ផ្អើល និងនាំបញ្ហាប្រឈមទៀតសម្រាប់ UNICEF ដើម្បីជួយដល់មនុស្សប្រមាណ ១លាននាក់ ដែលកំពុងផ្លាស់ទីលំនៅ នៅក្នុងប្រទេស៕