(មូស្គូ)៖ អង្គភាពការពារដែនអាកាសរុស្ស៉ី បានកម្ទេចយន្តហោះដ្រូនអ៊ុយក្រែនចំនួន ៤៧គ្រឿង ដែលបាញ់តម្រង់មកភាគខាងលិចនៃប្រទេស ខណៈដែលមន្ត្រីក្នុងតំបន់និយាយថា មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាម នៅថ្ងៃពុធនេះថា ដ្រូនប្រហែល ២៤គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើទីក្រុងព្រំដែន Bryansk ភាគនិរតី ហើយនៅសល់ប៉ុន្មានទៀតត្រូវបានបំផ្លាញលើតំបន់ Belgorod, Kursk, Rostov, Krasnodar និងនៅសមុទ្រ Azov។
អភិបាលតំបន់ Rostov លោក Vasily Golubev បានឱ្យដឹងបន្ថែមថា អគ្គីភ័យដែលឆាបឆេះដោយសារតែកម្ទេចកំទីនៃដ្រូន ធ្លាក់លើទីតាំងដែលមិនទាន់មានការអភិវឌ្ឍ នៃតំបន់ Rostov ភាគខាងត្បូងជាប់ព្រំដែនអ៊ុយក្រែន ត្រូវបានពន្លត់ភ្លាមៗ ក្រោយកើតហេតុ។ អភិបាលក្រុង Bryansk លោក Aleksander Bogomaz បាននិយាយថា សេវាសង្គ្រោះបន្ទាន់ កំពុងធ្វើការនៅកន្លែង ដែលមានធ្លាក់កម្ទេចកំទីនៃដ្រូន។
Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះ ដោយឯករាជ្យបានទេ ព្រោះនៅមិនមានការអត្ថាធិប្បាយពីអ៊ុយក្រែន។ ជារឿយៗ មន្ត្រីរុស្ស៉ី កម្របង្ហាញអំពីទំហំពេញលេញនៃការខូចខាត ពីការវាយប្រហាររបស់អ៊ុយក្រែនណាស់៕