(ហ៊្សេរុយសាឡិម)៖ ក្រុមហេសបូឡា នៅថ្ងៃពុធ ទី៩ ខែតុលានេះ បានកំណត់គោលដៅលើទាហានអ៉ីស្រាអែល នៅជិតភូមិ Labbouneh ព្រំដែនលីបង់ ដោយការបាញ់ផ្លោងកាំភ្លើងធំ និងគ្រាប់រ៉ុក្កែត មួយថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការសម្លាប់អ្នកស្នងតំណែងពីររូប បន្តពីមេដឹកនាំ លោក Hassan Nasrallah។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់មួយនេះ អះអាងថា ក្រុមរបស់ខ្លួនកំពុងវាយបកទៅកងទ័ពអ៉ីស្រាអែលវិញ។ ពួកគេកំពុងប្រយុទ្ធគ្នាជាមួយកងទ័ពអ៉ីស្រាអែល នៅលើទឹកដីលីបង់ ដែលរួមមានទាំងការបាញ់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត ប៉ុន្តែក្នុងលក្ខខណ្ឌរុញច្រាន កងទ័ពអ៉ីស្រាអែលឱ្យត្រលប់ទៅវិញ និងទប់ស្កាត់ពួកគេពីការកាន់កាប់ទឹកដីលីបង់។
យោធាអ៉ីស្រាអែល និយាយថា ទាហាន ៣នាក់បានរងរបួសធ្ងន់ កាលពីថ្ងៃអង្គារ និងនៅថ្ងៃពុធនេះ អំឡុងពេលប្រយុទ្ធ នៅភាគខាងត្បូងលីបង់។ សំឡេងស៉ីរ៉ែន បានបន្លឺឡើងនៅភាគខាងជើងអ៉ីស្រាអែល នៅព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) បន្ទាប់ពីអ៉ីស្រាអែលទម្លាក់គ្រាប់បែកសាជាថ្មី កាលពីយប់ថ្ងៃអង្គារ លើតំបន់ជាយក្រុងបេរូត ដែលគេស្គាល់ថាជា ទីតាំងដ៏រឹងមាំរបស់ក្រុមហេសបូឡា។
គួរបញ្ជាក់ថា ហេសបូឡា គឺជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពល នៃតួអង្គតំណាងធ្វើសង្រ្គាម (Proxies) របស់អ៉ីរ៉ង់ ទូទាំងតំបន់មជ្ឈិមបូព៌ា ហើយបាននិងកំពុងធ្វើសកម្មភាព បង្ហាញការគាំទ្រចំពោះក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលកំពុងប្រយុទ្ធជាមួយអ៉ីស្រាអែល នៅតំបន់ហ្គាហ្សា។ អ៉ីស្រាអែល-ហេសបូឡា បានបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន អស់រយៈពេលមួយឆ្នាំមកហើយ តែឥឡូវនេះងាកទៅប្រយុទ្ធប្រឆាំងគ្នា តាមប្រតិបត្តិការជើងគោក នៅព្រំដែនភាគខាងត្បូង នៃប្រទេសលីបង់៕