(ណាគូរ៉ា)៖ កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោង ទៅលើទីតាំងចំនួនពីរ ដែលប្រើប្រាស់ដោយកងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ និងព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ កងកម្លាំងបណ្ដោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ការវាយប្រហារនេះ បានបណ្តាលឱ្យកងរក្សាសន្តិភាពពីរនាក់រងរបួស និងបំផ្លាញទ្រព្យសម្បត្តិ។ UNIFIL បានថ្កោលទោសការវាយប្រហារនេះ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរ នៃច្បាប់មនុស្សធម៌អន្តរជាតិ ហើយបានអំពាវនាវឱ្យអ៊ីស្រាអែល គោរពសុវត្ថិភាពរបស់កងរក្សាសន្តិភាព។
UNIFIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារដោយចេតនាណាមួយលើកងរក្សាសន្តិភាពគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរនៃច្បាប់មនុស្សធម៌អន្តរជាតិ» ដោយបន្ថែមថាខ្លួនកំពុងតាមដានមើលយោធាអ៊ីស្រាអែល។
អ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយភ្លាមៗ អំពីការវាយប្រហារនេះទេ។ ប្រទេសនេះ បានបង្កើនការវាយប្រហារ ទៅលើក្រុមហេសបូឡា នៅលីបង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នាយករដ្ឋមន្រ្តីលីបង់ បាននិយាយថា សហរដ្ឋអាមេរិក និងបារាំង កំពុងខិតខំប្រឹងប្រែង ដើម្បីស្តារបទឈប់បាញ់ឡើងវិញ។
គួរបញ្ជាក់ថា កងកម្លាំងរក្សាសន្តិភាព UNIFIL នៅក្នុងប្រទេសលីបង់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៨ និងបានពង្រីកបន្ទាប់ពីសង្គ្រាមឆ្នាំ ២០០៦ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ យោងតាមគេហទំព័ររបស់ UNIFIL វាមានបុគ្គលិកប្រហែល ១០,៥០០ នាក់ ជាមួយនឹងប្រទេសដែលរួមចំណែកសំខាន់ៗ រួមមានប្រទេសបារាំង អ៊ីតាលី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្គាណា៕