(សិង្ហបុរី)៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នឹងត្រូវប្រព្រឹត្តទៅនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃសុក្រ ទី១១ ខែតុលា។ ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជាថ្មីម្ដងទៀតនឹងមិនមានវត្តមានចូលរួមនោះទេ។ ដោយអវត្តមាន២ឆ្នាំជាប់ៗគ្នា លោក បៃដិន បានសម្រេចចិត្តបញ្ជូនអ្នកតំណាងឱ្យ ទៅចូលរួមប្រជុំជំនួសរូបលោក។ តែទោះជាបែបនេះក្ដី នៅក្នុងឆ្នាំនេះ កម្រិតនៃអ្នកតំណាងនេះទៀតសោតត្រូវបានបន្ថយពីអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស កាលពីឆ្នាំ២០២៣ មកត្រឹមជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។
ជាការពិតណាស់ ខណៈអវត្តមានរបស់លោក បៃដិន គេអាចយោគយល់បាន នោះគឺដោយសារតែសហរដ្ឋអាមេរិកកំពុងជាប់រវល់ត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតី នៅខែវិច្ឆិកាខាងមុខ វានៅមាន ហេតុផលសំខាន់លើសពីការបោះឆ្នោតនេះទៅទៀត ដោយការសម្រេចចិត្តរបស់លោក បៃដិន ក៏បានបង្ហាញផងដែរពីនិន្នាការនៅក្នុង គោលនយោបាយការបរទេសអាមេរិក ដែលឱ្យសញ្ញាពីការលែងសូវ មើលឃើញតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ានជាអាទិភាពចាំបាច់។ ដំណាលគ្នាទៅនឹងកិច្ចប្រជុំកំពូលអាស៊ាន លោក បៃដិន បានជ្រើសរើសយកការធ្វើទស្សនកិច្ចទៅកាន់អាល្លឺម៉ង់ និងប្រទេសអង់ហ្គោឡា ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន។ អវត្តមានម្ដងហើយម្ដងទៀតរបស់លោក បៃដិន ក្នុងកិច្ចប្រជុំកំពូលអាស៊ានបានបង្កជា ការសង្ស័យលើការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល ហើយក្នុងពេលឥទ្ធិពលចិនក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែរីកចម្រើនទៅមុខ ការចូលរួមមិនជាប់លាប់របស់ សហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានបានបញ្ជូនសារចម្រុះ ដែលអាចនឹងបំផ្លាញដល់កម្មវត្ថុយុទ្ធសាស្ត្រ និងធ្វើឱ្យភាពគួរឱ្យទុកចិត្តបានរបស់អាមេរិក នៅក្នុងតំបន់ធ្លាក់ចុះខ្សោយ។
បើទោះជារឿយៗ សហរដ្ឋអាមេរិកបានប្រកាសចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ ជាសរសរស្ដម្ភមួយនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកក៏ដោយ តែសកម្មភាពរបស់វ៉ាស៊ីនតោន នៅតែធ្វើឱ្យគេមើលឃើញថាអាស៊ាន បន្តអង្គុយនៅកៅអីខាងក្រោយគេ នៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់សហរដ្ឋអាមេរិក។ ជាឧទាហរណ៍ នោះគឺការសម្រេចចិត្តរបស់លោក ចូ បៃដិន ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Quad ជាលើកទី៤ នៅឯទីក្រុងកំណើតរបស់លោក នៅរដ្ឋ Delaware ជាមួយនាយករដ្ឋមន្ត្រីមកពីប្រទេសអូស្ត្រាលី ជប៉ុន និងឥណ្ឌា។ នេះអាចឆ្លុះបញ្ចំាងបានថាសហរដ្ឋអាមេរិកឱ្យអាទិភាពខ្ពស់លើសម្ព័ន្ធភាព សន្តិសុខដូចជាក្រុមប្រទេស Quad និងភាពជាដៃគូត្រីភាគី AUKUS រវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សេចក្ដីថ្លែងការណ៍របស់មេដឹកនាំនៃប្រទេសទាំង៣នេះ ចេញ ផ្សាយនាឱកាសអបអរខួប៣ឆ្នាំនៃការបង្កើត AUKUS កាលពីខែកញ្ញា បានគូសបញ្ជាក់ពីការផ្តោតជាអាទិភាពរបស់ទីក្រុងវ៉ាស៊ីនតោនលើសម្ព័ន្ធភាពសន្តិសុខបែបនេះ ខ្លាំងជាងការផ្តោតលើការចូលរួម ពហុភាគីជាមួយអាស៊ាន។
ជាងនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានពង្រឹងទំនាក់ទំនងត្រីភាគីនៅក្នុងតំបន់ផងដែរ ជាពិសេសជាមួយប្រទេសដែលមានចិត្តគំនិតដូចគ្នា នោះគឺប្រឆាំងនឹងឥទ្ធិពលចិន។ សហរដ្ឋអាមេរិកបានរៀបចំ កិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុន និងកូរ៉េខាងត្បូង នៅឯជំរំ Camp David កាលពីឆ្នាំ២០២៣ និងកិច្ចប្រជុំកំពូលត្រីភាគីជាមួយជប៉ុន និងហ្វីលីពីន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីខែមេសា ឆ្នាំ២០២៤។ សម្ព័ន្ធភាពទាំងអស់នេះបានបង្ហាញរួចទៅហើយពីយុទ្ធសាស្ត្ររបស់អាមេរិក ក្នុងការបង្កើតសម្ព័ន្ធភាពជាមួយដៃគូ ដែលដើរតាមកម្មវត្ថុយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលផ្តោតជាចម្បងលើការប្រជែងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែអះអាងជាញឹកញាប់ពីសារៈសំខាន់នៃ «តួនាទីស្នូល» របស់អាស៊ាន នៅក្នុងវោហាសាស្ត្ររបស់ខ្លួន។ ប៉ុន្តែនៅពេលអនុវត្តជាក់ស្ដែង វាបែរជាបង្ហាញទៅវិញថាអាមេរិក ចូលចិត្តធ្វើការជាមួយសម្ព័ន្ធមិត្តក្នុងលក្ខណៈជាក្រុមតូៗ ឬជាលក្ខណៈទ្វេភាគីជាមួយប្រទេសទាំងឡាយណាដែលមានចិត្តគំនិតដូចគ្នា ហើយមើលទៅកាន់អាស៊ានតាមរយៈកែវពង្រីកនៃយុទ្ធសាស្ត្រ ប្រកួតប្រជែងរបស់ខ្លួនជាមួយចិន។ ជាលទ្ធផល ធ្វើឱ្យប្រទេសជាច្រើនក្នុងតំបន់មានការបារម្ភពីផលវិបាក។ បើតាមរបាយការណ៍ State of Southeast Asia 2024 បណ្ដាប្រទេសអាស៊ានភាគច្រើន ប្រហែលជាបានចាត់ទុកថា Quad នឹងផ្ដល់ផលចំណេញដល់តំបន់ទាំងមូល តែទន្ទឹមគ្នា ពួកគេក៏មានការបារម្ភផងដែរថាសម្ព័ន្ធភាពខ្នាតតូចបែបនេះ អាចនឹងបំផ្លាញតួនាទីស្នូលរបស់អាស៊ាន៕