(រ៉ូម)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា បាននិយាយថាបទឈប់បាញ់ជាមួយរុស្ស៉ី មិនបានស្ថិតនៅក្នុងរបៀបវារៈនៃ កិច្ចពិភាក្សារបស់លោកជាមួយសម្ព័ន្ធមិត្តអឺរ៉ុបនោះទេ និងបានជំរុញឱ្យលោកខាងលិចបង្កើនការគំាទ្រដល់អ៊ុយក្រែន ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចដើម្បីស្វែងរកជំនួយយោធា និងហិរញ្ញវត្ថុ ក្នុងរយៈពេល៤៨ម៉ោង ទៅកាន់ទីក្រុងឡុងដ៍ ប៉ារីស រ៉ូម និងទីក្រុងបែរឡាំង ចំពោះមុខការព្រួយបារម្ភ ពីការធ្លាក់ចុះនៃការគាំទ្រ ប្រសិនបើលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ។
លោកប្រធានាធិបតីអ៊ុយក្រែន បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ដើម្បីជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni បន្ទាប់ពីលោកស្រីបានប្រកាសថាទីក្រុងរ៉ូម នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទស្ដារឡើងវិញ» សំដៅជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ «អ៊ុយក្រែន នឹងមិននៅម្នាក់ឯងនោះទេ ហើយយើងនឹងឈរជាមួយអ៊ុយក្រែន ដរាបណាអ៊ុយក្រែននៅតែត្រូវការពួកយើង»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Meloni។
គួរបញ្ជាក់ថា មុនជំនួបជាមួយលោកស្រី Meloni លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុងផងដែរ ក្នុងទីក្រុងប៉ារីស ជាមួយ ការប្រកាសបដិសេធសេចក្ដីរាយការណ៍មួយចំនួនដែលថារូបលោកបានពិភាក្សាពីលក្ខខណ្ឌនៃបទឈប់បាញ់ជាមួយរុស្ស៉ី អំឡុងដំណើរទស្សនកិច្ចរបស់លោក។ លោក ហ្សេលេនស្គី បានអះអាងថាបទឈប់បាញ់ជាមួយរុស្ស៉ីមិនស្ថិតនៅក្នុងប្រធានបទនៃកិច្ចពិភាក្សានោះទេ ហើយថាសេចក្ដីរាយការណ៍ទាំងនោះជារឿងមិនពិត៕