(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បានប្រកាសថាខ្លួននឹងបញ្ជូនកងទ័ពទៅកាន់អ៉ីស្រាអែល រួមជាមួយប្រព័ន្ធការពារដែនអាកាស ដើម្បីពង្រឹង សមត្ថភាពការពារដែនអាកាសរបស់អ៉ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយថាការដាក់ពង្រាយនេះគឺមានគោលដៅការពារអ៉ីស្រាអែល ដែលកំពុងត្រៀមលក្ខណៈបើកការវាយប្រហារសងសឹងអ៉ីរ៉ង់ ក្រោយ តេហេរ៉ង់បាញ់មីស៊ីលជិត ២០០គ្រាប់លើអ៉ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។ ជាលក្ខណៈឯកជន សហរដ្ឋអាមេរិកបានជំរុញឱ្យអ៉ីស្រាអែលធ្វើការសងសឹកក្នុងទ្រង់ទ្រាយណាមួយ ដែលអាចបញ្ចៀសកុំឱ្យសង្រ្គាមផ្ទុះនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល ខណៈលោក បៃដិនផ្ទាល់បានបង្ហាញជំហរប្រឆាំងនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើទីតាំងនុយក្លេអ៊ែរ និង បង្ហាញការព្រួយបារម្ភពីលទ្ធភាពដែលអ៉ីស្រាអែលអាចវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៉ីរ៉ង់។
គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD សំដៅជួយពង្រឹងសមត្ថភាពបន្ថែមរបស់អ៉ីស្រាអែល ក្នុងការការពារដែនអាកាស របស់ខ្លួន។ THAAD ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយ ដែលតម្រូវឱ្យមានកងទ័ព១០០នាក់ ដើម្បីធ្វើប្រតិបត្តិការ។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យ បានព្រមានថាសហរដ្ឋអាមេរិកកំពុងយកអាយុជីវិតកងទ័ពរបស់ខ្លួន ទៅប្រថុយនឹងគ្រោះថ្នាក់តាមរយៈការដាក់ពង្រាយពួកគេដើម្បីធ្វើប្រតិបត្តិការប្រព័ន្ធខែល ប្រឆាំងមីស៊ីលអាមេរិក នៅអ៉ីស្រាអែល៕