(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បាននិយាយថាទំនាក់ទំនងយោធាជាមួយប្រទេសជាដៃគូ ត្រូវតែមាន ការផ្លាស់ប្ដូរ ដោយសារតែកូរ៉េខាងជើងបានបញ្ជូនកងទ័ព រួមទាំងអាវុធទៅជួយដល់កងកម្លាំងរុស្ស៉ី នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី នៅក្នុងសុន្ទរកថាជាវីដេអូមួយ បានបញ្ជាក់ដូច្នេះថា «យើងបានឃើញថាសម្ព័ន្ធភាពរវាងរុស្ស៉ី និងរបបដូចជាកូរ៉េខាងជើង កាន់តែមានភាពរឹងមាំ ឡើង។ នេះមិនត្រឹមតែជាការបញ្ជូនអាវុធប៉ុណ្ណោះទេ តែនេះគឺជាការបញ្ជូនមនុស្សពីកូរ៉េខាងជើងទៅជួយកងកម្លាំងរបស់ជនឈ្លានពាន។ ដូច្នេះ នៅក្រោមលក្ខខណ្ឌ បែបនេះ ទំនាក់ទំនងរបស់យើងជាមួយប្រទេសជាដៃគូ ចាំបាច់ត្រូវតែមានការផ្លាស់ប្ដូរ ខណៈនៅសមរភូមិកំពុងត្រូវការការគាំទ្របន្ថែម។ យើងត្រូវការអាវុធ រយៈចម្ងាយឆ្ងាយបន្ថែមសម្រាប់អ៊ុយក្រែន និងការផ្គត់ផ្គង់ស្ថិរឋេរបន្ថែមសម្រាប់កងកម្លាំងរបស់យើង ជាជាងអាវុធធម្មតា»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Kim Yong-hyun កាលពីថ្ងៃអង្គារសប្ដាហ៍មុន បាននិយាយថាវាមានលទ្ធភាពអាចទៅរួចថាកូរ៉េខាងជើង បានបញ្ជូនកងទ័ពទៅជួយរុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែន ហើយក៏អាចមានកងទ័ពកូរ៉េខាងជើងខ្លះត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ុយក្រែនលើទីតាំងដែល គ្រប់គ្រងដោយកងទ័ពរុស្ស៉ី។ ប៉ុន្តែ វិមានក្រឹមឡាំងច្រានចោលការអះអាងនេះ និងចាត់ទុកថាជាព័ត៌មានក្លែងក្លាយ៕